Monday, August 27, 2012

ដំរី​ហ្លួង


នៅ​សម័យ​ដើម ដែល​គ្រឿង​ម៉ាស៊ីន ឬ​សម្ភារៈ​សឹក នៅ​មិន​ទាន់​ទំនើប​នៅ​ឡើយ ខ្មែរ​បុរាណ ជា​ពិសេស ព្រះ​ចៅ​ផែន​ដី​ខ្មែរ បាន​ប្រើ​ប្រាស់​សត្វ​ដំរី ធ្វើ​ជា​រាជ​រថ និង​ធ្វើ​សឹក​សង្គ្រាម​ផង​ដែរ ជា​ពិសេស​នៅ​សម័យ​មហា​នគរ។ ស្ដេច​នៃ​ចក្រភព​នីមួយ​ៗ​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ឫទ្ធិ​អំណាច​នៅ​ពេល​មាន​ដំរី​ស​នៅ​ក្នុង​នគរ​របស់​ខ្លួន ជា​ហេតុ​ការ​ថ្វាយ​ដំរី​​ល្អ​ៗ តាម​ «តម្រា​គជសាស្ត្រ» ដល់​ព្រះ​មហាក្ស័ត្រិយ៍, សង្គ្រាម​ដណ្ដើម​ដំរី ក៏​ឃើញ​កើត​មាន​ជា​ហូរហែរ​នៅ​សម័យ​ដើម​ផង​ដែរ។
រហូត​មក​ដល់​សម័យ​កណ្ដាល មុន​សង្គ្រាម​នៅ​ឆ្នាំ​១៩៧០ ដំរី​ក៏​នៅ​តែ​ជា​គ្រឿង​សម្គាល់​នៃ​អំណាច​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ​ដដែរ បើ​ទោះ​ជា​ដំរី​មិន​ត្រូវ​បាន​យក​ទៅ​ធ្វើ​សឹក​សង្គ្រាម​ទៀត​ក៏​ដោយ ដោយ​សារ​ពិភព​លោក​បាន​ឈាន​ដល់​យុគ​ទំនើប​កម្ម​ខាង​សព្វាវុធ នៅ​ក្នុង​សង្គ្រាម​លោក​ទាំង​ពីរ​គ្រា។ យ៉ាង​ណា​ក៏​ដោយ «ដំរី​ហ្លួង» ក៏​នៅ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង សម្រាប់​ក្នុង​ព្រះ​រាជ​ពិធី​នានា ហើយ​រឹង​រឹត​តែ​មោទនភាព​នោះ​ផង​ទៀត អតីត​ព្រះ​មហា​ក្ស័ត្រិយ៍​ខ្មែរ​បាន​ផ្ដល់​ទី​តាំង​ដ៏​សំខាន់​សម្រាប់​ដំរី​ស្ថិត​ក្នុង​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ ហើយ​បច្ចុប្បន្ន​បើ​ទោះ​បី​ដំរី​មិន​ត្រូវ​បាន​ចិញ្ចឹម​នៅ​ទី​នោះ​ទៀត​ក្ដី រោង​ដំរី​នៃ​ព្រះ​បរម​រាជវាំង​ខ្មែរ​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ប្រែ​ក្លាយ​ទៅ​ជា​សារមន្ទី​រោង​ដំរី ដើម្បី​ឧទ្ទិស​ចំពោះ​ដំរី​ដែល​ធ្លាប់​មាន​តួនាទី​សំខាន់​ក្នុង​ផែន​ដី​ខ្មែរ។
សម័យ​ដើម​ខ្មែរ​មាន​ជំនឿ​យ៉ាង​មុះ​មុត​ចំពោះ​ដំរី ជា​ពិសេស​ព្រះ​មហាក្ស័ត្រិយ៍។ ដំរី​ហ្លួង សុទ្ធ​តែ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​នៃ «តម្រា​គជសាស្ត្រ» ដែល​មនុស្ស​ខ្មែរ​សម័យ​នោះ​មាន​សមត្ថភាព និង​ចំណេះ​ដឹង​ពិត​ប្រាកដ​ក្នុង​ការ​មើល​ដំរី ដើម្បី​ជា​សេចក្ដី​សុខ​ចម្រើន​ដល់​ព្រះ​នគរ។ ហើយ​ដំរី​ហ្លួង​អស់​ទាំង​នោះ សុទ្ធ​តែ​​​មាន​គជេន្រ្ទ​ដើម្បី​រក្សា​ផង​ទៀត។
បច្ចុប្បន្ន​នេះ ដោយ​ឆ្លង​កាត់​សង្គ្រាម​អស់​ជា​ច្រើន​ឆ្នាំ ដំរី​បាន​បាត់​បង់​ទាំង​ស្រុង​នូវ​តួនាទី​ដ៏​ពិសិដ្ឋ​នេះ​ពី​សង្គម​ខ្មែរ។ នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ មិន​មាន​នៅ​សល់​ដំរី​ទៀត​ទេ ហើយ​ព្រះ​រាជ​ពិធី​ធំ​ៗ​ក៏​ស្ទើរ​បាត់​បង់​អស់ ហើយ​ដោយ​ឡែក​ក៏​មិន​មាន​ដំរី​ហ្លួង​ទៀត​ដែរ។ យើង​សង្ឃឹម​ថា​នៅ​ថ្ងៃ​អនាគត គជសារ​នឹង​ឈាន​មក​​មាន​តួនាទី​ម្ដង​ទៀត​នៅ​ក្នុង​ផែន​ដី​កម្ពុជា៕

រូប​ចម្លាក់​ដំរី​នាំ​មុខ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​នៅ​សម័យ​មហា​នគរ នៅ​ឯ​ថែវ​ប្រាសាទ​នគរ​វត្ត ខេត្ត​សៀមរាប

ក្បួន​ដំរី ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែរ​ព្រះ​សព ហ្លួង​សិរីសុវត្ថិ នៅ​​ព្រះ​រាជ​ធានី​ភ្នំពេញ​ចតុម្មុខ​មង្គល

ក្បួន​សត្វ​ដំរី​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ចតុម្មុខ​មង្គល កាល​ពី​សម័យ​មុន​សង្គ្រាម

ដំរី​ព្រះ​រាជ​ទ្រព្យ នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ

ដំរី​ហ្លួង និង​ហ្ម​ដំរី នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ

លោក​ជំទាវ ជេគី ឃេនណេឌី កំពុង​ឲ្យ​ចំណី​ដំរី​ហ្លួង នៅ​ក្នុង​ពេល​មក​ទស្សនកិច្ច​នៅ​នគរ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​១៩៦៧។ រូប​ភាព​ស្តែង​ឲ្យ​ឃើញ​សម្ដេច​ព្រះ​មហាក្ស័ត្រិយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ផង​ដែរ។ នេះ​ស​បញ្ជាក់​ថា​ដំរី​នៅ​មាន​តួនាទី​ដ៏​ពិសិដ្ឋ​នៅ​ឡើយ​រហូត​មក​ដល់​ឆ្នាំ​នោះ។ ដែល​តាម​ព័ត៌មាន​ដំរី​នោះ គឺ​ជា​ដំរី​ស​ដែល​ជា​សំណព្វ​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ផង​ទៀត។

ដកស្រង់ពីhttp://sopheak.wordpress.com

No comments:

Post a Comment