Saturday, October 29, 2011

ប៊ូ ម៉េង អ្នក​នៅ​រស់​ជីវិត​ពី​មន្ទីរ​ស-២១

ដកស្រង់ចេញពី៖​Chouk Khmer

រូប​គំនូរ​របស់ ប៊ូ ម៉េង និង​ប្រពន្ធ នៅ​មន្ទីរ​ស-២១

អស់​រយៈពេល​ជិត​សាមសិប​ឆ្នាំ​បន្ទាប់​ពី​របប​ខ្មែរក្រហម​ដ៏​ឃោរឃៅ​បាន​ដួល​រលំ អ្នក​រួច​រស់​ជីវិត​ម្នាក់​ពី​យន្ដការ​នៃ​ការ​ធ្វើ​ទារុណកម្ម​ដ៏​គ្មាន​មេត្តា​បាន​ងើប​ខ្លួន​ចេញ​ពី​ប្រវត្ដិសាស្ដ្រ​ ហើយ​ប្រកាស​ថា «ខ្ញុំ​មាន​ជីវិត​រស់​នៅ​ឡើយ» ។

ខ្មែរក្រហម​បាន​ឃុំឃាំង​ និង​ធ្វើ​ទារុណកម្ម​ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​១៤.០០០​នាក់ នៅ​គុក​ទួលស្លែង ឬ «មន្ទីរ​ស​-​២១» ។ ការ​ឃុំឃាំង​នៅ​មន្ទីរ​ស​-​២១ គឺ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដ៏​ពិត​ប្រាកដ​មួយ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ចេញ​មក​ក្រៅ​រួច​រស់​ជីវិត ។ ក្នុង​ចំណោម​នោះ​ក៏​មាន ប៊ូ ម៉េង ម្នាក់​ដែរ ដែល​ជា​ជាងគំនូរ​ម្នាក់ ។ ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម រឿង​មួយ​ដែល​គួរ​ឱ្យ​រន្ធត់​ជាង​គេ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ (១៩៧៥​-​១៩៧៩) ហើយ​ជាង​បី​ទសវត្សរ៍​បន្ទាប់​ពី​មន្ទីរ​ស​-​២១​បាន​ដួល​រំលំ ប៊ូ ម៉េង ត្រូវ​បាន​គេ​ជឿ​ជាក់​ថា បាន​ស្លាប់​បាត់​ទៅ​ហើយ ។ នៅ​ក្នុង​ខែមករា ឆ្នាំ​២០០២ កាសែត​ក្នុងស្រុក​ជា​ភាសា​អង់គ្លេស​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​រាយការណ៍​ថា គាត់​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ឬ​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០០២ ទស្សនាវដ្ដី​កម្ពុជា​មួយ​ដែល​មាន​ឈ្មោះ​ថា «ទស្សនាវដ្ដី​ស្វែងរក​ការពិត» បាន​ឃើញ​រូបថត​មួយ​សន្លឹក​របស់​អ្នក​រួច​រស់​ជីវិត​ពី​មន្ទីរ​ស​-​២១​ដែល​ប្រមូល​បាន​នៅ​អតីត​គុក​ទួលស្លែង​នោះ បាន​រាយការណ៍​ថា ប៊ូ ម៉េង «បាត់​ខ្លួន» ។

ប៉ុន្ដែ ប៊ូ ម៉េង នៅ​រស់​ជីវិត​យ៉ាង​ពិត​ប្រាកដ ។ ការ​ដែល​គាត់​អាច​រួច​ពី​ទី​ស្ថាន​ដ៏​ព្រៃផ្សៃ​មួយ​នេះ​គឺ​ដោយ​សារ​តែ​គាត់​មាន​ជំនាញ​ជា​អ្នក​គូរ​គំនូរ ។ នៅ​ក្នុង​អំឡុង​ពេល​ឃុំឃាំង​ខ្លួន​របស់​គាត់​នៅ​មន្ទីរ​ស​-​២១ ប៊ូ ម៉េង ត្រូវ​បាន​ខ្មែរក្រហម​បង្ខំ​ឱ្យ​គូរ​រូប​របស់ ប៉ុល ពត និង​មេដឹកនាំ​កុម្មុយនិស្ត​ផ្សេងៗ​ទៀត​ក្នុង​បំណង​ឃោសនា​នយោបាយ ។ ដោយ​សារ​តែ​ជំនាញ​ពិសេស​របស់​គាត់ មេ​ឃាតករ​នៅ​មន្ទីរ​ស​-​២១​បាន​ទុក​គាត់​ឱ្យ​នៅ​រស់​ជីវិត ។ ប៉ុន្ដែ ប្រពន្ធ​របស់​ ប៊ូ ម៉េង ដែល​មាន​ឈ្មោះ ម៉ា យឿន ឬ​កូនប្រុស​ពីរ​នាក់​របស់​គាត់​មិន​មាន​វាសនា​រស់​រាន​មាន​ជីវិត​ឡើយ ។ ម៉ា យឿន ត្រូវ​ទទួល​រង​នូវ​ទារុណកម្ម ហើយ​ត្រូវ​បាន​សម្លាប់​នៅ​វាល​ពិឃាត​ជើងឯក ។ កូន​របស់ ប៊ូ ម៉េង ត្រូវ​ស្លាប់​ដោយ​អត់​អាហារ​នៅ​កង​កុមារ ។

រឿងរ៉ាវ​របស់ ប៊ូ ម៉េង គឺ​ជា​សាច់​រឿង​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​រាប់​លាន​របស់​ប្រជាជន​កម្ពុជា​ដែល​ទទួល​រង​នូវ​ភាព​ទុក្ខ​វេទនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ជាប់​ឃុំឃាំង​ក្នុង​អំឡុង​របប​ព្រៃផ្សៃ​របស់​ខ្មែរក្រហម ។

សព្វថ្ងៃ​រឿងរ៉ាវ​របស់ ប៊ូ ម៉េង បាន​ក្លាយជា​រឿងរ៉ាវ​ដ៏​ពិសេស​មួយ ហើយ​ការ​ចង​ចាំ​របស់​គាត់​អាច​ប្រើប្រាស់​ជា​ឧបករណ៍​មួយ​ក្នុង​ការ​ស្វែងរក​ការ​ពិត​ និង​យុត្ដិធម៌ ។

សៀវភៅ ប៊ូ ម៉េង អ្នក​នៅ​រស់​ជិវិត​ពី​មន្ទីរ​ស-២១ យុត្តិធម៌​សម្រាប់​ថ្ងៃ​អនាគត មិន​មែន​តែ​សម្រាប់​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ

សៀវភៅ​ដើម្បី​ការ​ចង​ចាំ និង​យុត្ដិធម៌​សង្គម

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ចេញផ្សាយ​សៀវភៅ​មួយ​ទៀត​ក្នុង​ខែឧសភា​ ឆ្នាំ​២០១០ ។ សៀវភៅ​នេះ​មាន​កម្រាស់ ៨០​ទំព័រ​ដែល​សរសេរ​ជា​ភាសារ​អង់គ្លេស​មាន​ចំណង​ជើង​ថា «ប៊ូ ម៉េង អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ស​-​២១: យុត្ដិធម៌​សម្រាប់​អនាគត មិន​គ្រាន់​សម្រាប់​តែ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ទេ» ។

បច្ចុប្បន្ន ប៊ូ ម៉េង គឺជា​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ស​-២១​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​នៅ​រស់​រាន​មាន​ជីវិត​សព្វថ្ងៃ ។ ហើយ​ថ្មីៗ​នេះ​ដែរ ប៊ូ ម៉េង បាន​ប្រឈម​មុខ​ជា​មួយ ឌុច ដែល​ជា​ប្រធាន​មន្ទីរ​ស​-​២១ ហើយ ឌុច នេះ​ហើយ​ដែល​ជា​អ្នក​បង្ខំ ប៊ូ ម៉េង ឱ្យ​គូរ​រូប​របស់ ប៉ុល ពត ដើម្បី​ជា​ថ្នូរ​នឹង​ការ​រស់​រាន​មាន​ជីវិត​រហូត​ដល់​សព្វថ្ងៃ ។ រូប​គំនូរ​របស់ ប៉ុល ពត ដែល​គូរ​ដោយ ប៊ូ ម៉េង ត្រូវ​បាន​បោះពុម្ព​ក្នុង​សៀវភៅ​នេះ​ដែរ ។ ថ្វី​ដ្បិត​តែ ប៊ូ ម៉េង អាច​រស់រាន​មាន​ជីវិត ប៉ុន្ដែ​ប្រពន្ធ​របស់​គាត់​ដែល​ជាប់​នៅ​មន្ទីរ​ស​-២១​នេះ​ដូច​គ្នា មិន​មាន​វាសនា​ដូច​ជា​គាត់​ទេ ។ អ្នកនិពន្ធ ហ៊ុយ វណ្ណៈ បាន​ជួប ប៊ូ ម៉េង លើក​ដំបូង​នៅ​ខែមករា​ ឆ្នាំ​២០០៣ ក្រោយ​ពេល​ដែល​ ប៊ូ ម៉េង ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​ ហើយ​បាន​ចាប់​ផ្ដើម​សិក្សា​ពី​ជីវិត​របស់​គាត់​រហូត​មក ។ ហ៊ុយ វណ្ណៈ បាន​ស្គាល់​នូវ​ការ​ឈឺ​ចាប់ ភាព​រីករាយ និង​ភាព​មិន​សងសឹក​នៃ​ជីវិត​ផ្ទាល់​ខ្លួន​របស់ ប៊ូ ម៉េង ។ ទោះ​ធ្លាប់​រស់នៅ​ដោយ​ភាព​ឈឺចាប់​ពី​អតីតកាល ប៊ូ ម៉េងនៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ជានិច្ច ហើយ​ជម្នះ​នូវ​ទ្រឹស្ដី​មិន​សងសឹក​ចំពោះ​ជន​ដៃ​ដល់ ជា​ពិសេស ឌុច

សៀវភៅ​នេះ​គឺ​ជា​សារណា​ថ្នាក់​អនុបណ្ឌិត​របស់ ហ៊ុយ វណ្ណៈ ហើយ​ក្រោយ​មក​បាន​យក​តាក់​តែង​កែ​លម្អ​បន្ថែម​ដើម្បី​បោះពុម្ព​ផ្សាយ​ចេញ​ជា​សៀវភៅ​នេះ ។ សៀវភៅ​នេះ​គឺជា​ការ​រៀបរាប់​អំពី​ការ​ចង​ចាំ​របស់​ជន​រង​គ្រោះ​ម្នាក់​ដែល​ត្រូវ​បាន​សរសេរ​ជា​សៀវភៅ​សម្រាប់​ការ​ចង​ចាំ​ក្នុង​រយៈ​កាល​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត ៕

ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត លេខ​១២៥ ខែឧសភា ឆ្នាំ​២០១០



ជីវិត និង​ស្នាដៃ​របស់ ណាប៉ូឡេអុង បូណាប៉ារត៍

ដកស្រង់ចេញពី៖ Chouk Khmer

ណាប៉ូឡេអុង បូណាប៉ារត៍ (Napoléon Bonaparte, 1769-1821)

ណាប៉ូឡេអុង បូណាប៉ារត៍ (Napoléon Bonaparte, 1769-1821)

ណាប៉ូឡេអុង កើត​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​១៧៦៩ ក្នុង​ត្រកូល​ជនជាតិ​អ៊ីតាលី ដ៏​ក្រីក្រ​ មាន​កូន​ច្រើន ។ ការ​បាន​ជា​អធិរាជ​ប្រទេស​បារាំង​នេះ អស្ចារ្យ​ណាស់ ដោយ​​បាន​ទទួល​ការ​អនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត។ ​អាយុ​១១​ឆ្នាំ បាន​ចូល​រៀន​ក្នុង​សាលា​យោធា ដល់​អាយុ​១៧​ឆ្នាំ បាន​ឋានន្តរសក្តិ​ជា អនុសេនីត្រី នៅ​រវាង​នេះ​ឯង​ដែល​ណាប៉ូឡេអុង បាន​ដំណើរ​ជីវិត​យ៉ាង​លំបាក​តោកយ៉ាក​បំផុត ។ អាយុ​២៥​ឆ្នាំ បាន​ជា អនុសេនីឯក ធ្វើការ​បាន​ល្បី​ឈ្មោះ​ជា​ដំបូង​នៅ​ក្រុង ទូឡុង តែ​ក៏​ឥត​បាន​ទទួល​ផល​តបស្នង​ឲ្យ​បាន​ស័ក្តិសម​ដែរ ។ គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខងារ​ឯ​ប្រទេស​ទួរគី​ទៅ​ហើយ ។ តែ​ចៃដន្យ​គាត់​ត្រូវ​បាន​ជ្រើស​ឲ្យ​ជា​អ្នក​បង្ក្រាប​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី ហើយ​គាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ជា​ហេតុ​ឲ្យ​គាត់​បាន​ទទួល​ឋានៈ​គ្រាន់​បើ​ឡើង ។ គាត់​រៀបការ​នឹង​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ហ្សូសែហ្វីន ដែល​ជា​អ្នក​មាន​ការ​ស្និទ្ធស្នាល​នឹង​វីរជន​ជាច្រើន ជាហេតុ​ឲ្យ​ណាប៉ូឡេអុង បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជា​លំដាប់ ។ ក្រោយ​ពី​រៀបការ​ហើយ គាត់​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ីតាលី ធ្វើការ​បាន​ជ័យ​ជម្នះ​ជានិច្ច​មក អាយុ​២៨​ឆ្នាំ​បាន​ជា ឧត្ដមសនី និង​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អេហ្ស៊ីប បាន​ជ័យ​ជម្នះ​ដ៏​ធំ ជាហេតុ​ឲ្យ​បាន​ទទួល​ការ​គោរព​រាប់អាន​ពី​ប្រជាជន​ទូទៅ​ក្នុង​ប្រទេស​បារាំង ។

ក្នុង​រយៈកាល​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អេហ្ស៊ីប​នេះ ណាប៉ូឡេអុង​បាន​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​មាន​អំណាច​ទន់​ខ្សោយ ហើយ​ទើប​គាត់​ត្រលប់​មក​កាន់​ក្រុង​ប៉ារីស ដោយ​សារ​ជ័យជម្នះ​របស់​ខ្លួន ទើប​ប្រជាជន​គោរព​រាប់អាន​ច្រើន រហូត​ដល់​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី (ភាសា​បារាំង​នៅ​សម័យ​នោះ​ហៅ​ថា កុងស៊ុល “Consul”) សាង​ប្រយោជន៍​សំខាន់ៗ​ឲ្យ​ដល់​ជាតិ​បារាំង​ជាច្រើន ។ អាយុ​៣៦​ឆ្នាំ ក៏​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​នៃ​ប្រទេស​បារាំង ។ ពង្សាវតារ​ណាប៉ូឡេអុង បន្ត​ពី​នេះ​ទៅ ពេញ​ពោរ​ទៅ​ដោយ​ការ​បង្ហូរ​ឈាម ។ ណាប៉ូឡេអុង​បាន​ជា​ឧទាហរណ៍​មួយ​ដ៏​ខ្ពស់​បំផុត​របស់​មនុស្ស​ដែល​មាន​ភាព​រឹងប៉ឹង​អត់ធន់ ។ កាលបើ​បាន​ធ្វើ​គម្រោង​ការណ៍​អ្វី​មួយ​ហើយ តែង​តែ​យក​ជីវិត​ទៅ​ប្ដូរ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គម្រោង​ការណ៍​នោះ ។ ការ​ដែល​គាត់​អាច​សាង​ខ្លួន​ឡើង​ទៅ​ដល់​ឋានៈ​ខ្ពស់​បំផុត​ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​​នោះ​ក៏​ព្រោះ​លក្ខណៈ​ដែល​រឹងប៉ឹង​ជា​ប្រធាន ។ ណាប៉ូឡេអុង​បាន​ទទួល​ការ​សរសើរ​ថា ជា​មេទ័ព​ដ៏​មាន​ថ្វីដៃ​បំផុត​ក្នុង​លោក ។ តែ​ក៏​បាន​ទទួល​ពាក្យ​រិះគន់​ថា ជា​អ្នក​ប្រាថ្នា​ធ្វើ​ជា​ម្ចាស់​លើ​អឺរ៉ុប លើក​គ្នា​ចោម​វាយ​ណាប៉ូឡេអុង ។ ណាប៉ូឡេអុង​បាក់​ទ័ព​ជាដំបូង​នៅ​ប្រទេស​រុស្សី ហើយ​តមក ក៏​មាន​តែ​ការ​ទទួល​បរាជ័យ ទាល់​តែ​សត្រូវ​ហៀប​ចូល​ដល់​ក្រុង​ប៉ារីស តែ​ដល់​រៀប​នឹង​ចូល​ដល់​ក៏​បាន​ដឹង​ថា រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​រួច​ទៅ​ហើយ ទើប​ត្រលប់​ទៅ​កាន់​ហ្វុងតែនប្លូ ចម្ងាយ​ពី​ប៉ារីស​៥០​គម ទ្រង់​លា​ចាក​រាជសម្បត្តិ ។ ឯ​ខាង​ក្រុង​ប៉ារីស ក៏​តាំង​ស្ដេច​ល្វីស៍​ទី​១៨ ដែ​ជា​វង្ស​ក្សត្រ​ចាស់​របស់​ប្រទេស​បារាំង ឡើង​ជា​ម្ចាស់​ផែនដី ។

ណាប៉ូឡេអុង​លា​ចាក​រាជសម្បត្តិ​ហើយ ក៏​សត្រូវ​របស់​ព្រះអង្គ​នៅ​តែ​ពុំ​ទុក​ចិត្ត ទើប​បង្គាប់​ឲ្យ​រដ្ឋាភិបាល​បារាំង​យក​ណាប៉ូឡេអុង​ទៅ​បំបរ​បង់​នៅ​កោះ​ទៀត ។ ណាប៉ូឡេអុង​ប្រាថ្នា​នឹង​ផ្ដាច់​បង់​ជីវិត​ព្រះអង្គ​ឯង តែ​មាន​គេ​ឃាត់​ទាន់ ក៏​ត្រូវ​នាំ​ទៅ​ចោល​ឯ​កោះ អេសលប៍ នៅ​ថ្ងៃ​១២ ខែ​មេសា ឆ្នាំ​១៨១៣ ។

សូម្បី​នាំ​យក​ទៅ​ចោល​ឯ​កោះ​ហើយ ណាប៉ូឡេអុង​ក៏​ពុំ​អស់​ពឹស ។ នៅ​ទី​នោះ​ពុំ​ដល់​មួយ​ឆ្នាំ​ផង ក៏​លប​ចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេស​ដែល​យាម​ល្បាត មក​កាន់​ទី​គោក​បាន​ទៀត ។ ល្វីស៍​ទី​១៨ ទ្រង់​ជ្រាប​ក៏​បញ្ជូន​កងទ័ព​ទៅ​ចាប់ ។ តែ​កាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ហើយ​ពុំ​ចាប់​ទេ ត្រលប់​ជា​ចុះចូល​នឹង​ណាប៉ូឡេអុង​ទាំង​អស់​ទៅ​វិញ ។ ណាប៉ូឡេអុង​ទើប​បាន​កម្លាំង​ទ័ព​លើក​ចូល​មក​កាន់​ក្រុង​ប៉ារីស ។ ព្រះបាទ​ល្វីស៍​ទី​១៨ ក៏​ស្ដេច​ទ្រង់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បែលហ្សិក ព្រោះ​ទ្រង់​ជ្រាប​ថា នឹង​នៅ​តទល់​ជាមួយ​ណាប៉ូឡេអុង​ពុំ​បាន​ឡើយ ។ ការ​ដែល​ណាប៉ូឡេអុង​ត្រលប់​មក​គ្រា​នេះ​ គ្រប់​ប្រទេស​ក្នុង​អឺរ៉ុប​ចាត់​ទុក​ថា ជា​ការ​ប្រកាស​សង្គ្រាម ទើប​នាំ​គ្នា​ចោម​វាយ​ណាប៉ូឡេអុង ។ ចំណែក​ណាប៉ូឡេអុង ក៏​តស៊ូ​ដោយ​យល់​ថា ជាទីបំផុត​នៃ​ជីវិត ។ ទីបំផុត​ក៏​ត្រូវ​ទ័ព​បច្ចាមិត្ត​ចាប់​កណ្ដាល​សង្គ្រាម និង​ត្រូវ​បញ្ជូន​ទៅ​កាន់​កោះ សាំងអេឡែននៅ​ទី​នោះ​បាន​៦​ឆ្នាំ ក៏​អស់​ព្រះជន្ម​ក្នុង​ជន្មាយុ​៥២​ឆ្នាំ

សេចក្ដី​បញ្ចប់ ណាប៉ូឡេអុង នៅ​រួម​នឹង ហ្សូសែហ្វីន ពុំ​មាន​បុត្រ ក៏​ទ្រង់​លែងលះ​ពី​ហ្សូសែហ្វីន ហើយ​ទ្រង់​សម្រប​នឹង​ម្ចាស់ក្សត្រី​ជាតិ​អូទ្រីស​ទៅ​វិញ ។

ណាប៉ូឡេអុង​ប្រកាន់​ព្រះអង្គ​ថា​ជា​ស្ដេច​ចក្រពត្តិ ក៏​គួរ​ណាស់​ព្រះអំណាច​រាជបារមី​របស់​ព្រះអង្គ ផ្សាយ​ទៅ​សឹង​គ្រប់​ទៅ​ទ្វីប​អឺរ៉ុប​ទាំងមូល ហើយ​ព្រះអង្គ​ទ្រង់​ទីនាំង​សេះ​ស​ជានិច្ច ត្រឹមត្រូវ​តាម​ក្បួន​ព្រាហ្មណ៍​និយម ។

សូម្បី​ទ្រង់​មាន​អំណាច​វាសនា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​រឿង​គួរ​ឲ្យ​ប្លែក ដែល​រំលង​ពោល​ពុំ​បាន គឺ​ទ្រង់​អភ័ព្វ​ខាង​ក្នុង​គ្រួសារ បងប្អូន​ពុំ​នៅ​ក្រោម​ឱវាទ មហេសី​ពុំ​កោត​ក្រែង ផ្ទុយ​ទៅ​វិញ ណាប៉ូឡេអុង​ត្រូវ​ខ្លាច​ក្រែង​ជន​ទាំង​នោះ​ទៅ​វិញ ។ ប្រែ​ថា អំណាច​របស់​ណាប៉ូឡេអុង​ខាង​កិច្ចការ​ផែនដី និង​ខាង​គ្រួសារ ខុស​គ្នា​មេឃ និង​ដី ។ មាន​រឿង​ដំណាល​ថា មហេសី​ទ្រង់​ប្រោស​ចិញ្ចឹម​ឆ្កែ ព្រះអង្គ​ពុំ​ទ្រង់​ប្រោស តែ​ពុំ​អាច​ទ្រង់​ពោល​ដូចម្ដេច​បាន​ឡើយ ។ ពេល​មួយ​នោះ​ឆ្កែ​បាត់ ទ្រង់​សប្បាយ​ព្រះទ័យ​ថា​នឹង​ផុត​ទុក្ខ ហើយ​ទ្រង់​ហាម​ដាច់​ខាត ពុំ​ឲ្យ​អ្នកណា​នាំ​ឆ្កែ​ថ្មី​មួយ​ចូល​វាំង​ទៀត ។ តែ​ពុំ​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​មហេសី​បាន​ឆ្កែ​ថ្មី​មួយ​ទៀត ជា​ការ​ល្មើស​នឹង​ព្រះរាជ​និយម តែ​ក៏​មិន​ប្រាកដ​ថា​ទ្រង់​មាន​ព្រះឱង្ការ​យ៉ាង​ណា​ឡើយ ។

លោក អាធូរ លេវីស៍ (Arthur Lévis) បាន​និយាយ​ឡក​ទុក​ក្នុង​សៀវភៅ​របស់​គាត់​ថា «ព្រះមហាចក្រពត្តិ ព្រះអង្គ​មាន​ព្រះតេជានុភាព​បង្ក្រាប​អឺរ៉ុប​អស់​មួយ​ទ្វីប តែ​ក្នុង​រាជវាំង​ព្រះអង្គ​នោះ សូម្បី​តែ​ទ្រង់​ដេញ​ឆ្កែ​តែ​មួយ​ក្បាល​ចេញ​ក៏​ពុំ​បាន» ៕

ដោយ ស៊ា ប៊ុនភេង សៀវភៅ​សាង​ខ្លួន​ឯង


លោក​សាស្ត្រាចារ្យ​បណ្ឌិត កេង វ៉ាន់សាក់ និង​ស្នាដៃ​លោក

ដកស្រង់ចេញពី៖​Chouk Khmer

លោកបណ្ឌិត កេង វ៉ាន់សាក់ កាល​នៅ​រស់ (រូបថត​វិទ្យុអាស៊ីសេរី)

លោកបណ្ឌិត កេង វ៉ាន់សាក់ កាល​នៅ​រស់ (រូបថត​វិទ្យុអាស៊ីសេរី)

លោក​សាស្ត្រចារ្យ កេង វ៉ាន់សាក់ កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​១៩២៥ នៅ​ភូមិ​កំពង់បឹង ស្រុក​កំពង់លែង ក្នុង​ខេត្រ​កំពង់ឆ្នាំង ។ បិតា​នាម កេង ស៊ីផាន់ និង​មាតា​នាម ជៀស ហន ។ បន្ទាប់​ពី​បាន​ប្រឡង​ជាប់​មធ្យម​សិក្សាប័ត្រ​ភាគ​ទី​២​ផ្នែក​ទស្សនវិជ្ជា​នៅ​ឆ្នាំ​១៩៤៦ លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ។ ទន្ទឹម​គ្នា​នឹង​ការ​សិក្សា​ លោក​បាន​ធ្វើ​ការ​ជា​សាស្ត្រា​ចារ្យ​ជំនួយ​ភាសា​ខ្មែរ​នៅ​សាលាជាតិ​ជីវ​ភាសា​បូព៌ា​ប្រទេស (Ecole nationale des Langues orientales vivantes) នៅ​ក្រុង​ប៉ារីស​នៅ​ឆ្នាំ​សិក្សា​១៩៤៧‑១៩៤៨ និង ១៩៥១‑១៩៥២ ។ នៅ​ចន្លោះ​ពេល​នោះ លោក​បង្រៀន​ភាសា​ខ្មែរ​នៅ​សាលា​សិក្សា​ផ្នែក​បូព៌ា និង​អាហ្វ្រិក​នៃ​សាកលវិទ្យាល័យ​ក្រុង​ឡុងដុន (School of Oriental and African Studies, London University) ក្នុង​ឆ្នាំ​សិក្សា​១៩៤៨‑១៩៥០ ។ លោក​បាន​ប្រឡង​ជាប់​បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​ផ្នែក​ទស្សនវិជ្ជា​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ​ក្រុង​ប៉ារីស​នៅ​ឆ្នាំ​១៩៥១ ។ ភរិយា​លោក​នាម ស៊ុយស្ហាន កុលលើវីល (Suzanne Colleville) ។

អ្នក​ស្រី ស៊ុយស្ហាន‑កេងវ៉ាន់សាក់ (១៩២១‑២០០៣) បាន​ប្រឡង​ជាប់​បរិញ្ញាប័ត្រ​រូបវិទ្យា​នា​ឆ្នាំ​១៩៤៣ នៅ​មហាវិទ្យាល័យ​ក្រុង​កង់ (Caen) ។ អ្នកស្រី​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ផ្នែក​អាស៊ី​អគ្នេយ៍ ហើយ​អ្នកស្រី​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ភាសា​ថៃ​នា​ឆ្នាំ​១៩៤៥ ហើយ​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ភាសា​លាវ និង​ភាសា​ខ្មែរ​នា​ឆ្នាំ​១៩៤៧ ។ ទន្ទឹម​នឹង​ការ​សិក្សា​ទាំង​នេះ អ្នកស្រី​បាន​សិក្សា​អក្សរ​សាស្ត្រ​បារាំង ប្រវត្តិសាស្ត្រ​សិល្បៈ និង​ភូមិ​វិទ្យាទួទៅ ។ នៅ​ឆ្នាំ​១៩៤៥ អ្នកស្រី​បាន​បង្រៀន​ភាសា​ថៃ​ ហើយ​នៅ​ឆ្នាំ​១៩៤៧ បាន​ទទួល​ការ​តែង​តាំង​ជា​សហការិនី​វិទ្យាសាស្ត្រ​នៅ​ក្រសួង​ឧតុនិយម​ជាតិ​ប្រទេស​បារាំង ។ នា​ឆ្នាំ​សិក្សា​១៩៥១‑៥២ អ្នកស្រី​បាន​បង្រៀន​ភាសា​លាវ​នៅ​សាលា​ភាសា​បូព៌ា (Langues Orientales) ជំនួស​លោក​សាស្ត្រាចារ្យ រេ​‑នន (M. Reinhorn) ។ អ្នកស្រី​បាន​លះបង់​ការងារ​ដ៏​ប្រពៃ​នៅ​ប៉ារីស​របស់​អ្នកស្រី​ដើម្បី​ចូល​ទៅ​នៅ​ភ្នំពេញ​តាម​ស្វាមី​នា​ឆ្នាំ​១៩៥២ ហើយ​អ្នកស្រី​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​រូបវិទ្យា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ វិទ្យាស្ថាន​ជាតិ​គរុកោសល្យ និង​បន្ទាប់​មក​បាន​បង្រៀន​នៅ​មហាវិទ្យាល័យវិទ្យាសាស្ត្រ​ភ្នំពេញ​រហូត​ដល់​ចុង​ឆ្នាំ​សិក្សា​១៩៧១ ។ អ្នក​ស្រី​បាន​បង្រៀន​សិស្ស និង​និស្សិត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ជំនាន់ ។ នា​ពេល​ចុង​ក្រោយ​អ្នស្រី​បាន​ត្រឡប់​មក​ធ្វើ​ការ​នៅ​ប្រទេស​បារាំង​វិញ​នា​ខែ​កញ្ញា​ឆ្នាំ​១៩៧១ រហូត​ដល់​ពេលចូល​និវត្តន៍ ហើយ​បាន​រស់​នៅ​ជាយ​ក្រុង​ប៉ារីស​ក្នុង​ស្រុក​ម៉ុងម៉ូរ៉ង់ស៊ី (Montmorency) លុះ​ដល់​អវសាន​ជីវិត​នា​ឆ្នាំ​២០០៣ ។

បន្ទាប់​ពី​បាន​បង្កើត​អង្គុលីលេខ​អក្សរ​ខ្មែរ​​នៅ​ឆ្នាំ​១៩៥២ លោក​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ ហើយ​បាន​ទទួល​មុខ​នាទី​ជា​សាស្ត្រចារ្យ​នៅ​​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ក្រុង​ភ្នំពេញ​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៨ ។ លោក​ជា​មេដឹក​នាំ​ គណបក្ស​ប្រជាធិបតេយ្យ នៅ​ពេល​បោះ​ឆ្នោត​នីតិបញ្ញត្តិ​សកល​នៅ​ឆ្នាំ​១៩៥៥ បន្ទាប់​ពី​ការ​គ្រោង​ទុក​ដោយ​សិទ្ធិសញ្ញា​ក្រុង​ហ្សឺណែវ ក្នុង​ឆ្នាំ​១៩៥៤ ។ លោក​បាន​ប្រឆាំង​ដោយ​ចេញ​មុខ​នឹង​រាជបល្ល័ង្ក​ ជា​ពិសេស​គឺ​ប្រឆាំង​ផ្ទាល់​នឹង​សម្ដេច​នរោត្តម​សីហនុ ជា​ស្ថាបនិក​នៃ​គណបក្ស​សង្គមរាស្ត្រ​និយម ។ បន្ទាប់​ពី​បរាជ័យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ រដ្ឋាភិបាល​បាន​ចាប់​លោក​ដាក់​គុក​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​១៩៥៥ ។ ពេល​ចេញ​ពី​ពន្ធនាគារ លោក​បាន​បោះពុម្ព​ផ្សាយ​កម្រង​កំណាព្យ​ដែល​លោក​បាន​និពន្ធ​ក្នុង​ពេល​ជាប់​គុក ​ហើយ​កម្រង​កំណាព្យ​នេះ​បាន​ទទួល​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​​ទៅ​លើ​កវីនិពន្ធ​ខ្មែរ​នៅ​ជំនាន់​នោះ ។ នៅ​ឆ្នាំ​១៩៥៨ លោក​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ​នៅ​មធ្យម​សិក្សា ។ ពី​ឆ្នាំ​១៩៥៨ ដល់ ១៩៦២ លោក​មាន​តំណែង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ និង​ជា​ចាងហ្វាង​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ (១៩៥៨‑១៩៦០) ហើយ​លោក​បាន​ទៅ​បង្រៀន​អក្សរសាស្ត្រ​ វប្បធម៌ អរិយធម៌​ខ្មែរ​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ ហើយ​និង​ពុទ្ធិកសកលវិទ្យាល័យ​ភ្នំពេញ​រហូត​ដល់​ឆ្នាំ១៩៦៨ ។ នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៦៨ រដ្ឋាភិបាល​បញ្ឈប់​លោក​ឲ្យ​លែង​បង្រៀន​ ហើយ​បាន​ឲ្យ​ភ្នាក់ងារ​ឃ្លាំ​មើល​គេហដ្ឋាន​លោក​ទៀត​ដោយ​លោក​ជាប់​ចោទ​ថា ជា​អ្នក​បំបះ​បំបោរ​និស្សិត និង​សិស្ស​នានា​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ជំនាន់​នោះ ។ អាជ្ញាធរ​ជំនាន់​នោះ​បាន​ឆែក​រុក​រក​នៅ​ផ្ទះ​សាស្ត្រាចារ្យ​នេះ​ឃើញ​មាន​សៀវភៅ «ម៉ាក,ម៉ៅ» និង​ទស្សនាវដ្ដី​ប្រទេស​ចិន ។ល។ នៅ​បណ្ណាល័យ​ផ្ទាល់​របស់​លោក ជា​ហេតុ​នាំ​ឲ្យ​អាជ្ញាធរ​ក្រសួង​សន្តិសុខ​ចាប់​លោក​ឃុំ​នៅ​រាជបណ្ឌិត​សភា​នគរបាល ជាមួយ​លោក សូ​នែម និង​លោកភួង តុន ដោយ​ចោទ​ថា ជា​ពួក​កុម្មុយនិស្ត​និយម បាន​បំបះ​បំបោរ​និស្សិត និង​ប្រជាជន​ឲ្យ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម ។

បន្ទាប់​ពី​សភាពការណ៍​នយោបាយ​នៅ​ឆ្នាំ​១៩៧០ ដែល​ធ្វើ​ឡើង​ដោយ​ឧត្ដមសេនីយ លន់ នល់ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សាធារណរដ្ឋ​ខ្មែរ រដ្ឋាភិបាល​ថ្មី​បាន​ផ្ដល់​នីតិសម្បទា​ឲ្យ​លោក​វិញ ហើយ​បាន​បង្កើត​វិទ្យាស្ថាន​ខ្មែរ‑មន ដោយ​តែង​តាំង​លោក​ជា​មេ​ដឹក​នាំ​ស្ថាប័ន​នេះ​​ក្នុង​គោល​បំណង​លើ​ដំកើង​វប្បធម៌​ខ្មែរ‑មន​ឲ្យ​ខ្ពង់​ខ្ពស់​ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ​មាន​មោទនភាព​ជា​ខ្មែរ និង​បង្រួប​បង្រួម​ខ្មែរ​ជា​ទួទៅ​នៅ​ជុំ​វិញ​កេត្ដិ៍មរតក​វប្បធម៌​ នេះ​ជា​អាវុធ​ទប់​ទល់​នឹង​ការ​រំលោភ​បំពាន​ពី​​សំណាក់​បរទេស ។ លោក​បាន​ធ្វើ​និក្ខេបបទ​មួយ​ដែល​បាន​ការពារ​នៅ​សាកលវិទ្យាល័យ​ស្ហ័កបោន (Sorbonne) នៅ​ឆ្នាំ​១៩៧១ មាន​ចំណង​ជើង​ថា «ការស្រាវជ្រាវ​រក​ឬស​គល់​មួយ​នៃ​វប្បធម៌​ខ្មែរ (Recherche d’un fond culturel khmer)» ។ សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ជា​បញ្ញាជន​មួយ​រូប​ដ៏​កម្រ​ដែល​មាន​ចក្ខុវិស័យ និង​គំនិត​សកល​វែង​ឆ្ងាយ​លើ​វប្បធម៌​អរិយធម៌​ខ្មែរ​យើង ។ សាស្ត្រាចារ្យ​រូប​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​សាស្ត្រាចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ​ជា​ច្រើន​ជំនាន់​នៅ​ស្រុក​ខ្មែរ​យើង ។ ក្រោយ​មក​បាន​ទទួល​តំណែង​ជា​ភូឈួយ​ប្រតិភូ​អចិន្ត្រៃយ៍​នៅ​អង្គការ​ UNESCO ក្នុង​ក្រុង​ប៉ារីស​នៅ​ឆ្នាំ​១៩៧១ ហើយ​បន្ទាប់​មក​មាន​តួនាទី​ជាភារធារី​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង​ពី​ខែ​តុលា ឆ្នាំ​១៩៧៤ ដល់​ខែ​មេសា ឆ្នាំ​១៩៧៥ ។ ​លោក​រស់​នៅ​ម៉ុងមូរ៉ង់ស៊ី (Montmorency) នៅ​ជាយ​ក្រុង​ប៉ារីស រហូត​ដល់​ពេល​ទទួល​មរណភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨ ត្រូវ​នឹង​ថ្ងៃ​​៦​រោច ខែ​មិគសិរ ឆ្នាំ​ជូត ។ លោក​បាន​និពន្ធ​រឿង​ល្ខោន​២ កម្រង​កំណាព្យ និង​សិក្សា​កថា​ជា​ច្រើន ៖

១.រឿង​ល្ខោន

  • ​សាច់​ពុំ​បាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក ៥​ឈុត​ សម្ដែង​នៅ​ឆ្នាំ​១៩៤៤
  • ​អន្ទិត​គោ​លោត ៥​ឈុត សម្ដែង​នៅ​ឆ្នាំ​១៩៤៥ (ពណ៌នា​ពី​បញ្ហា​ទំនៀម​និយម​ និង​ទំនើប​និយម) ។

២.កំណាព្យ

  • ចិត្ត​ក្រមុំ, ភ្នំពេញ, ១៩៥៤
  • ​គុក​កាម​កិលេស, ភ្នំពេញ, ១៩៥៦
  • ​អន្ត្រែងៗ ក្រលិត​ក្ដ​ឯង អន្ត្រែង​ឱយ​គេ, Montmorency, 1972
  • ​ឱយ​តែ​​ខ្មែរ​រស់, Montmorency, 1972
  • ​ធើ​ទៅ​អា​ថា, Montmorency, 1978
  • អាទួ​អាទា, Montmorency, 1979
  • ​ខ្មែរ​ស្លាប់​ខ្មែរ​រស់, Montmorency, 1981
  • ​ចិន​ទេសង់​អង្គរ, Montmorency, 1986

៣.សិក្សា​កថា

  • ​មូលភាព​នៃ​ការ​បង្កើត​ពាក្យ​ថ្មី, ភ្នំពេញ, មហាវិទ្យាល័យ​អក្សរ​សាស្ត្រ, ១៩៦៤
  • ​សូរស័ទ្ទ​ខ្មែរ, ភ្នំពេញ, មហាវិទ្យាល័យ​អក្សរ​សាស្ត្រ, ១៩៦៦
  • Quelques aspects de la littérature Khmère, Phnom Penh, Faculté des Lettres, 1965 (បោះ​ពុម្ព​ឡើង​វិញ “Réflexion sur la litérature khmère”, La revue française “présente le Cambodge”, Paris, 1968, p. 31-34)
  • RāmKer ou Rāmāyana khmer, Phnom Penh, 1969
  • Recherche d’un fond culturel khmer, thèse de doctorat de 3ème cycle, Université de Paris IV, 1971
  • Aperçu de la Révolution Polpotiste (Khmer-Rouge), Montmorency, 1977
  • Tragédie d’un peuple (khmer), Montmorency, 1981 (poème).

ចំពោះ​ «គ្រូ​ធំ» នេះ​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​ណាស់​ទៅ​លើ​សិស្ស និស្សិត និង​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​​នានា​ពេញ​ទាំង​ប្រទេស ។ កាល​នៅ​យុវវ័យ លោក​បាន​សរសេរ​កម្រង​កំណាព្យ «ចិត្ត​ក្រមុំ» មាន ១១​កំណាព្យ ហើយ​អត្ថបទ​ទី​១ សរសេរ​នៅ​ឆ្នាំ​១៩៤៥ កាល​លោក​នៅ​ជា​សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ ។ កម្រង​អត្ថបទ​ទាំង​នេះ លោក​តាក់តែង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៤៥‑១៩៥០ គឺ​ពេល​លោក​នៅ​ជា​សិស្ស និង​និស្សិត​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ ក្រុង​ភ្នំពេញ នៅ​ក្រុង​ឡុងដុង និង​នៅ​ក្រុង​ប៉ារីស ។ កម្រង​កំណាព្យ​នេះ​សរសេរ​ឡើង​ក្នុង​រចនាបទ​ទំនៀម​គឺ​គោរព​វិធី​ចាប់​ចុង​ចួន​ដូច​កំណាព្យ​សម័យ​មុនៗ​ដែរ​តែ​អត្ថន័យ​អត្ថរស​ពាក្យ​ពេចន៍​ពោរពេញ​ទៅ​ដោយ​តថនិយម ​គឺ​បង្ហាញ​ពី​ការ​រញ្ជួយ​ចិត្ត​របស់​កវី​ផ្ទាល់ និង​ភាព​ពិត​នៃ​សង្គម​ខ្មែរ​យើ​នៅ​សម័យ​នោះ ។

កម្រង​អត្ថបទ​ទី​២ បាន​រចនា​ឡើង​នៅ​ពេល​លោក​ជាប់​ក្នុង​ពន្ធនាគារ​ភ្នំពេញ ដោយ​បង្ហាញ​ភាព​ពិតនិយម​ក្នុង​គុក និង​ការ​រញ្ជួយ​ចិត្ត​របស់​កវី ។ ពេល​រស់​នៅ​ប្រទេស​បារាំង​លោក​នៅ​តែ​និពន្ធ​កំណាព្យ​នានា​តទៅ​ទៀត​ពោល​គឺ​នៅ​ឆ្នាំ​១៩៧២ លោក​បាន​ឆ្លើយ​តប​នឹង​ពួក​កាសែត​ទាំងឡាយ​ដោយ​អត្ថបទ​កំណាព្យ​មួយ​មាន​ចំណង​ជើង​ថា «ឱយ​តែ​ខ្មែរ​រស់» ។ មួយ​ឆ្នាំ​ក្រោយ​មក លោក​បាន​បោះ​ផ្សាយ​កម្រង​កំណាព្យ​មួយ​ទៀត​មាន​ចំណង​ជើង​ថា «ចំរៀង​ចាប៉ី ៖ អន្ត្រែង អន្ត្រែង ក្រឡិត​ក្ដ​ឯង អន្ត្រែង​ឱយ​គេ» គឺ​ជា​កំណាព្យ​ទំនើប​មាន​រចនាបទ​ថ្មី​បែប​បដិវត្តន៍​អក្សរ​សិល្ប៍​និយម​ដែល​ខ្មែរ​មួយ​ចំនួន​មិន​យល់​​មិន​ទទួល​ស្គាល់ ត្រឡប់​ជា​យល់​ថា​ជា​កំណាព្យ «អាស​អាភាស» ដោយ​មិន​ស្គាល់​តម្លៃ​នៃ​ការ​វិវត្តន៍​អក្សរសិល្ប៍​ជាទួទៅ​ដូច​មាន​នៅ​ប្រទេស​ធំៗ​នៅ​អាស៊ី អ៊ឺរ៉ុប និង​អាមេរិក ជាដើម ។ កំណាព្យ​នេះ​មានការ​ប៉ះពាល់​ដល់​អ្នក​នយោបាយ និង​អ្នក​កាន់​អំណាច ហើយ​ម្យ៉ាង​ទៀត​អក្ខរាវិរុទ្ធ​នៃ​ពាក្យ​ខ្លះៗ​របស់​​កវី​និពន្ធ​ពុំ​មាន​ក្នុង​វចនានុក្រម​ផ្លូវការ តែ​កវី​និពន្ធ​ប្រើ​ពាក្យ​ទាំង​នេះ​ដោយ​ចេតនា​ដើម្បី​តែង​សម្ដែង​មនោសញ្ចេតនា​ និង​ការ​រញ្ជួយ​ចិត្ត​អារម្មណ៍​របស់​លោក​ផ្ទាល់ ។ ឧទាហរណ៍ ដូច​ពាក្យ​ថា ៖ មេ​បុណ្យ លោក​ហៅ​ថា មេបូន, បាយ័ន ហៅថា បាយ៉ូន, បាគង ហៅថា បាគោង ។ល។ តែ​ពាក្យ​និមួយៗ​ដែល​លោក​ប្រើ​ខុស​ពី​ទម្លាប់​ប្រក្រតី​លោក​បាន​ពន្យល់​ន័យ​និយម​បាន​ច្បាស់លាស់ ៕



ប្រវត្ដិស្មុគស្មាញរបស់លោកបណ្ឌិត កេង វ៉ាន់សាក់

ដកស្រង់ចេញពី៖ Chouk khmer

លោក​បណ្ឌិត កេង វ៉ាន់សាក់ (ឆ្នាំ​២០០៥)

លោក​បណ្ឌិត កេង វ៉ាន់សាក់ (ឆ្នាំ​២០០៥)

តាម​ប្រវត្ដិ​ដ៏​ស្មុគស្មាញ​ថ្លែងប្រាប់​ផ្ទាល់​ដោយ​បណ្ឌិត​ ​កេង វ៉ាន់សាក់ ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​នៅ​មុន​មរណភាព​របស់​លោក​ ​ក៏​ដូច​ជា​ប្រភព​នានា​ទៀត​នោះ​ ​បណ្ឌិត​អក្សរសាស្ដ្រ​ដែល​មិន​ខ្វះ​សត្រូវ​ក្នុង​ជីវិត​របស់​លោក​ជា​ជីវិត​នយោបាយ​ក្ដី​ ​និង​ក្នុង​ជម្លោះ​ផ្នែក​អក្សរសាស្ដ្រ​ក្ដី​ ​មិន​ថា​តែ​គូរ​ទំនាស់​ជា​ជនជាតិ​ខ្មែរ​ ​ឬ​ជា​ជនបរទេស​នោះ​ ​លោក​គឺជា​កូន​ទី​៣​របស់​អ្នក​ម្នាង​មួយ​រូប​នៃ​សែ​ស៊ីសុវត្ថិ ។​

បណ្ឌិត​កេង​ ​វ៉ាន់សាក់​ ​ដែល​ទើប​បាន​អនិច្ចកម្ម​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨ មុន​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ គឺជា​កូន​ប្រុស​ទី​៣​របស់​លោកស្រី​ ​ហម​ ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ដ​ពោធិ៍សាត់​ហើយ​ក៏​ជា​ញាតិ​នៃ​សែ​ក្សត្រីយ៍​ ម៉ូនីកា​ ​ជា​មហេសី​របស់​ព្រះ​អង្គ​ម្ចាស់​ ​នរោត្ដម​ ​យុគន្ធរ​ ​ដែល​ជា​ព្រះរាជ​បុត្រ​​របស់​ព្រះបាទ​នរោត្ដម ។​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​មាន​ឪពុក​ឈ្មោះ​ ​កេង ស៊ីផាន់​ ​រស់​នៅ​កំពង់ចាម​ ​ថ្វីបើ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ផ្ទាល់​ ​ក៏​ដូច​ជា​ប្រភព​នានា​បាន​បញ្ជាក់​ថា​ ​លោក​ ​កេង​ ​ស៊ីផាន់​ ​គ្រាន់​តែ​ជា​ឪពុក​ចម្លង​ ​និង​មិន​មែន​ជា​ឪពុក​ដែល​បង្កើត​ខ្លួន​លោក​ក៏​ដោយ​នោះ ។​

បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ក៏​ដូច​​ជា​ឪពុក​ចិញ្ចឹម​របស់​គាត់ ​កេង ស៊ីផាន់​ ធ្លាប់​បាន​ប្រាប់​គេឯង​ថា​ គាត់​បាន​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត ។​ បណ្ឌិត​កេង​ ​វ៉ាន់សាក់​ ​បាន​ប្រាប់​ថា​ ​លោក​ ​កេង​ ​ស៊ី​ផា​ន់​ ​គ្រាន់តែ​ជា​មនុស្ស​ដែល​គេ​ឧបកិច្ច​ថា​ជា​ឪពុក​ ជា​កិច្ច​ចម្លង​ប៉ុណ្ណោះ ​ហើយ​ដែល​ឪពុក​ចម្លង​រូប​នេះ​តែងតែ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​លោក​តាំង​ពី​កុមារភាព​រហូត​រៀង​មក ។​

ដោយ​បាន​ចាប់កំណើត​នៅ​ថ្ងៃ​សៅរ៍​ ​២​កើត ខែ​អស្សុជ​ ​ឆ្នាំ​ឆ្លូវ​ ​សប្ត​ស័ក​ ​ព.ស​២៤៦៨​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​១៩២៥​ នោះ​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់ ​បាន​​ធំ​ចម្រើន​វ័យ​នៅ​ឃុំ​កំពង់បឹង​ ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង ។​ ហើយ​ក្នុង​ជីវិត​របស់​លោក​ លោក​បាន​ឆ្លងកាត់​ប្រវត្ដិសាស្ដ្រ​នានា​នៃ​កម្ពុជា​ក៏​ដូច​ជា​ការ​ប្រែ​ប្រួល​របស់​ប្រទេស​នេះ​ ​ទាំង​ចលនា​នយោបាយ​ ​ទាំង​ចលនា​ទាមទារ​ឯករាជ្យ​ ​ក៏​ដូចជា​​​ការ​តតាំង​គ្នា​ផ្នែក​អក្សរសាស្ដ្រ​ជាមួយ​អ្នកប្រាជ្ញ​ធំៗ ​រួម​មាន​សម្ដេច​ព្រះសង្ឃរាជ​ ​ជួន​ ​ណាត​ ផង​ដែរ ។​

លោក​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​ បាន​ចូលរួម​ក្នុង​ចលនា​នយោ​បាយ​ចម្រើន​ ​ដែល​ជា​ការ​សម្ដៅ​ដល់​ក្រុម​ឆ្វេង​និយម​ខ្មែរ​នៃ​​បក្ខ​​ពួក​ ​ប៉ុ​ល​ ​ពត​, អៀង​ ​សារី​ ​ដែល​ជា​មេដឹកនាំ​នៃ​របប​វាល​ពិឃាត​សម្លាប់​មនុស្ស​ប្រមាណ​ជាង​១​លាន​៧​សែន​នាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង ។​ បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ក៏​បាន​មាន​ចំណែក​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ក្រុម​ឆ្វេងនិយម​ជ្រុល​នេះ​ ​ហើយ​បើ​តាម​សៀវភៅ​រៀបរៀង​ឡើង​ដោយ​លោកស្រី​ឡូរ៉ា​សាម័​រ​ សម្រាប់​ជា​ឯកសារ​សិក្សា​នៅ​សកល​វិទ្យាល័យ​ឃុននែល​ ​នៃ​សហរដ្ឋអាមេរិក ​ភ្ជាប់​នឹង​ស្នាដៃ​របស់​លោក​ ​ខៀវ​ សំ​ផ​ន​ បក​ប្រែជា​ភាសា​អង់គ្លេស​នោះ​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នៃ​ការ​តាម​រក​សម្លាប់​របស់​ក្រុម​លោក​ ​លន់​ ​នល់ ​កាល​ជំនាន់​មុន​ឆ្នាំ​១៩៧០ ​។​

អំពី​ទំនាក់ទំនង​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​ជាមួយនឹង​ពួក​មេដឹកនាំ​ខ្មែរក្រហម​នោះ​ លោក ​នួន ​ជា​ ​អតីត​ប្រធាន​សភា​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បងធំ​ទី​២​នៃ​របប​នោះ​បាន​និយាយ​ថា​ កេង​ ​វ៉ាន់សាក់​ ​មិនមែន​ជា​មេ​ខ្មែរក្រហម​ទេ ។​

លោក នួន​ ​ជា​ ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​កាល​មុនគេ​ចាប់​ខ្លួន​ថា​ ​«ទស្សនៈ​របស់​ ​កេង​ ​វ៉ាន់សាក់​ ​និង​ទស្សនៈ​របស់​ ​សា​ឡុ​ត​ ស​ ​ឱ្យ​ជ្រៅ​ទៅ​មិន​ដូច​គ្នា​ទេ​ ពីព្រោះ​ ​កេង​ ​វ៉ាន់សាក់​ជា​បញ្ញា​ ​ជន​ជាន់ខ្ពស់​ ខុស​ពី​សាឡុត​ ស, សាឡុត ស​ជា​បញ្ញាវ័ន​មែន​តែ​ខាង​បច្ចេកទេស» ។

លោក នួន​ ​ជា​ ​បាន​និយាយ​ទៀត​អំពី​ភាព​ខុស​គ្នា​ថា​ ​«និយាយ​រួម​ទៅ​ ​ដល់ទី​ចុង​បំផុត​ ​កេង​ ​វ៉ាន់សាក់​ ​គាត់​គេច​រត់​ចេញពី​ស្រុក​ទៅ ។​ ​ឯ​ ​សាឡុត​ ​ស​ ​អត់​ចេញ​ពី​ស្រុក​ទេ ។​ ​គាត់​នៅ​ស្រុក​ខ្មែរ​បន្ដ​ការ​ដឹកនាំ​តទៅ​ទៀត ។​ នេះ​ជា​គោល​ជំហរ​មួយ​ធំ​ណាស់» ។

លោក នួន​ ​ជា​បាន​អធិប្បាយ​ទៀត​ថា​ ​កេង​ ​វ៉ាន់សាក់​ ​មិនមែន​ជា​មេដឹកនាំ​នៃ​ចលនា​ចម្រើន​និយម​នៃ​ក្រុម​ ​ប៉ុល​ ​ពត, អៀង​ ​សារី ​ទេ ។​ ​តាម​សម្ដី​ ​ លោក នួន​ ​ជា​ «អត់​ទេ​ជា​រូបភាព​ ​គាត់​ ​កេង​ ​វ៉ាន់សាក់​ចេញ ។​ ​ប៉ុន្ដែ​ស៊ីជម្រៅ​ក្នុង​បក្ស​គេ​មិន​ដែល​យក​អ្នក​ចំហ​​អញ្ចឹ​ង​ទៅ​ដឹកនាំ​ទេ ​បក្ស​ណា​ក៏​ដោយ» ។

ភាព​ស្មុគស្មាញ​នៃ​​ដំណើរ​ជីវិត​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ដែល​មាន​ទំនាស់​នឹង​គេ​ស្ទើរតែ​គ្រប់​គ្នា​ក្នុង​ជួរ​អ្នកចេះ​ដឹង​ជាន់​ខ្ពស់​ ​និង​អ្នកមាន​អំណាច​ ​ក៏​ដូច​ជា​ពួក​មន្ដ្រី​អាណា​និគម​និយម​បារាំង​នោះ​ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​ជាប់​ទុក្ខ​កង្វល់​ច្រើន​លើក​ច្រើន​សារ ។​ ​កាលពី​អាយុ​បាន​៣០​ឆ្នាំ​ ​បណ្ឌិត​ ​កេង​ វ៉ាន់សាក់​ ​បាន​ជាប់គុក​ច្រើន​ខែ​នៅ​ឆ្នាំ​១៩៥៥​ ​ជា​ឆ្នាំ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​រូប​គាត់​ជា​អគ្គលេខាធិការ​រង​​នោះ​បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ទល់​នឹង​គណបក្ស​សង្គម​រាស្ត្រ​​និយម​ដឹកនាំ​ដោយ​ព្រះ​ ​នរោត្ដម សីហនុ

បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែនការ​ប៉ុនប៉ង​បាញ់​សម្លាប់​មេ​ដឹកនាំ​ ​និង​ឥស្សរជន​នៃ​គណ​បក្ស​សង្គម​រាស្ដ្រ​និយម​តាម​ការ​ឆ្លើយ​ដាក់​របស់​បុគ្គលិក​ម្នាក់​នៅ​ក្នុង​ក្រសួង​ចារកម្ម​ឈ្មោះ​ ​ជ័យ​ សុផល

ក្នុង​វ័យ​៣៧​ឆ្នាំ​ បណ្ឌិត​កេង ​វ៉ាន់សាក់​ ​ក៏​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ម្ដងទៀត​នៅ​ឆ្នាំ​១៩៦៨​ ពី​បទ​សង្ស័យ​ថា​ ​បង្កើត​ភាព​ច្របូក​ច្របល់​រំជើប​រំជួល​ក្នុង​ការ​ចាត់ចែង​អក្សរ​សាស្ដ្រ​ជាតិ​កាល​គាត់​ធ្វើ​ជា​សាស្ដ្រាចារ្យ​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​សីហនុរាជ្យ ។​

គឺជា​ដំណាក់កាល​នៃ​សង្គ្រាម​អក្សរសាស្ដ្រ​ដែល​ក្រុម​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​មាន​កម្លាំង​តិច​ជាង​ ​និង​អ្នកគាំទ្រ​តិច​ជាង​ ​បាន​ប្រឈម​តទល់​ ​ថ្វីបើ​មិន​ចំហ​ និង​ចំពោះ​មុខ​ផ្ទាល់​ ​ជាមួយ​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត ។​

កាលនោះ​យោង​តាម​មន្ដ្រី​បុគ្គលិក​សិក្សា​ប្រទេស​កម្ពុជា​ថា​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​គឺជា​បុគ្គលិក​សិក្សា​ដើម​ខ្សែ​ថ្នាក់​ទី​១ ​ហើយ​ដែល​គេ​ស្គាល់​ថា​ ​ជា​អ្នក​ដែល​ពុំ​មាន​យោបល់​ស្រប​នឹង​បញ្ញា​ជន ​និង​អ្នកដឹកនាំ​ដទៃ​ណា​ទៀត​ឡើយ ។​ លោក​មើលឃើញ​ថា ​អ្នកដឹកនាំ​ទាំងនោះ​​​ពុំ​មាន​ឆន្ទៈ​ដឹកនាំ​ប្រទេស​ខ្មែរ​ឱ្យ​រួច​ចាក​ផុត​ពី​ការ​លេប​ត្របាក់​យក​របស់​បរទេស​ជិតខាង​ ​ជា​ពិសេស ​បារាំង​ ​និង​វៀតណាម​​នោះ​ទេ ​។​

អំពី​រឿង​នេះ​បណ្ឌិត​ ​កេង ​វ៉ាន់សាក់​ ​បាន​និយាយ​ប្រាប់​ថា​ «កើត​មក​ខ្ញុំ​ជា​អ្នក​ស្រឡាញ់​ជាតិ ​ស្រឡាញ់​ស្រុក​ ​ស្រឡាញ់​ខ្មែរ​ប៉ុណ្ណឹង​ទេ ។​ ​ហើយ​ដឹង​ថា​ ​ខ្មែរ​ហ្នឹង​គង់តែ​ភ្លាត់​ដោយសារ​បារាំង​ដោយសារ​ចិន​ ​ដោយសារ​យួន​ និង​ដោយសារ​មេដឹកនាំ​ខ្មែរ​ពុក​រលួយ​ ​ដោយសារ​ស្ដេច​យើង​ ដោយសារ​រាស្ដ្រ​យើង​ល្ងង់ខ្លៅ​ ខ្មែរ​ទាំងអស់​ឱន​ក្បាល​ក្រាប​តាម​តែ​គេ ។​ ​ដឹង​អាហ្នឹង​វា​ទៅ​ជា​ឈឺ​ចាប់​រហូត​រៀង​មក​ ហើយ​ទទួល​រឿង​ឪពុក​ម្ដាយ​ខ្ញុំ​អីហ្នឹង​វា​ពិបាក​ថែម​ទៀត​ ​មានចិត្ដ​ក្នុង​ខ្លួន​ថា​ធ្វើ​ម៉េច​ខំរៀន​ឱ្យ​បាន​ចេះ​ដឹង» ។

លោក​បាន​និយាយ​រៀបរាប់​អ្វី​ដែល​ជា​កង្វល់​ធំ​ជាងគេ​គឺ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​បាន​ឯករាជ្យ​នោះ​ទាល់តែ​ខ្មែរ​មាន​ពុម្ព​​អក្សរ​ប្រើ​ ​ព្រោះ​មិន​អាច​ពឹងពាក់​លើ​ការ​សរសេរ​អក្សរ​នឹង​ដៃ​ក្នុង​កិច្ច​ការ​រដ្ឋ​នោះ​ទេ​ ហេតុ​ដូច្នេះ​ហើយ​ជា​លទ្ធផល​នោះ​ ​បណ្ឌិត​ ​កេង​ វ៉ាន់សាក់​ ​គឺជា​អ្នក​ដែល​បាន​បង្កើត​អង្គុលី​លេខ​ប្រើ​ភាសា​ខ្មែរ​មុនគេ ។​ លោក​បាន​និយាយ​ថា​ ​«ខ្ញុំ​ខំ​ធ្វើ​ម៉េច​ឱ្យ​ប្រើ​ភាសា​ខ្មែរ​បាន​ សរសេរ​អក្សរ​ជា​អក្សរ​ពុម្ព​​បាន​ ​ហើយ​យក​មក​ប្រើ​ផង​ដើម្បី​ឱ្យ​យើង​អាច​ឯករាជ្យ​បាន ។​ នេះ​ជា​បញ្ហា​ធំ​ជំនាន់​ហ្នឹង​ ​ព្រោះ​ថា​ឯករាជ្យ​ម៉េច​កើត​បើ​យើង​អត់​មាន​ពុម្ព​សរសេរ ។​ ​សរសេរ​ដៃ​កិច្ចការរដ្ឋ​ទៅ​មិន​ទាន់​ទេ ។​ជំនាន់​នោះ​មិន​ទាន់​មាន​ម៉ាស៊ីន​សរសេរ» ។

ប៉ុន្ដែ​នៅ​ពេល​ដែល​មានការ​លើក​ឡើងជា​សំណួរ​ថា បើ​ទាស់​ជាមួយ​បរទេស​ ​ជា​ពិសេស​ជា​មួយ​អាណានិគម​បារាំង​ប្រហែល​ជា​ពុំ​មាន​បញ្ហា​អ្វី​ធំ​ដំ​ទេ​ ​ប៉ុន្ដែ​តាម​ប្រសាសន៍​លោក​ខាង​ដើម​នោះ​លោក​ទាស់​តាំង​តែ​ជាមួយ​ព្រះករុណា​ ទាស់​ជាមួយ​សម្ដេច​ព្រះ​សង្ឃរាជ​ ទាស់​ជាមួយ​លោក​សេនាប្រមុខ​ ​លន់​ ​ណុ​ល​ ​ទាស់​ជាមួយ​គ្រប់​គ្នា​ទាំងអស់ ។​ នោះ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​បាន​ផ្ដល់​ការ​ពន្យល់ ។​

បណ្ឌិត​រូប​នេះ​បាន​និយាយ​ថា​ ​នោះ​ក៏​មក​ពី​គេ​ទៅ​សាកសួរ​រូប​គាត់​ ​ហើយ​គាត់​ក៏​ធ្វើការ​វិនិច្ឆ័យ​យល់​ឃើញ​ថា ​ពួក​មនុស្ស​អស់ទាំង​នោះ​សុទ្ធតែ​ជា​មនុស្ស​អន់​ ​គ្មាន​ឧត្ដមគតិ​ជាតិ​អ្វី​ទេ​ ​គិត​តែ​ពី​ការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ និង​អ្វីៗ ។​ លោក​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ​ក្រៅ​តែ​ពី​ថា​ ​នៅ​ក្នុង​ចិត្ដ​គាត់​គិត​ឃើញ​ថា​ ​ពួក​អស់ហ្នឹង​អត់​បានការ​អ្វី​ទាំងអស់​ ហើយ​បង្ខូច​ស្រុក​ឱ្យ​ធ្លាក់​ដល់​ប៉ុណ្ណឹង​ថែម​ទៀត ។​

នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​គាត់​បាន​លើក​ពន្យល់​ថា​នាំ​ឱ្យ​គាត់​ងាក​ទៅ​រក​ទាក់ទង​ជាមួយ​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​សម្ដៅ​ដល់​ ​ប៉ុល​ ​ពត, អៀង ​សារី ។ យ៉ាងណា​ក៏​ដោយ​គាត់​បាន​អធិប្បាយ​ថា​ ​គឺ​ពួក​ ​ប៉ុល ​ពត​ ​អៀង​ ​សារី​ ​នោះ​ទេ​ដែល​តាម​ទៅ​រក​គាត់​ ​និង​​​គាត់​មិន​​ដើរ​តាម​ពួក​អស់នោះ​ឡើយ​ដែល​កាលនោះ​គាត់​មើល​ឃើញ​ថា​ ​របប​ក្បួន​ល្ងង់​គិតតែ​អំពើ​ពុក​រលួយ​ឃោរឃៅ ​ហើយ​គាត់​យល់​ថា​ពួកក្មេង​ជំនាន់​ក្រោយ​សម្ដៅ​ដល់​ ​ប៉ុល​ ​ពត,​ ​នួន​ ​ជា,​ អៀង​ ​សារី​, ​ខៀវ​ ​សំផន​ ​ជា​មនុស្ស​ដែល​គាត់​យល់​ថា​ ​ត្រឹម​ត្រូវ​អាច​គិតគូរ​រឿង​ស្រុក​ទេស​បាន ។​

អំពី​ប្រវត្ដិ​របស់​បណ្ឌិត​ ​កេង ​វ៉ាន់សាក់​ ​នេះ​ ​សមាជិក​រាជវង្ស​ខ្មែរ​ម្នាក់​បាន​រៀបរាប់​ថា​ បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​ជា​បុត្រា​ពៅ​បន្ទាប់​ពី​បុត្រីយ៍​ច្បង​ពីរ​នាក់​របស់​អ្នក​ម្នាង ​ហម​ ​ដែល​ជា​អ្នក​ម្នាង​របស់​ព្រះ​អង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​ដួងលក្ខិណា​ ​ជា​ព្រះ​អនុជ​បង្កើត​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ​ ​មុន្នីវង្ស​ ​ព្រះ​ចៅក្រុង​កម្ពុជាធិបតី ។​

ហើយ​តាម​ប្រភព​សមាជិក​រាជវង្ស​ដដែល​ថា​ ​នៅ​ថ្ងៃ​ទារក​ វ៉ាន់សាក់​ ​នេះ​ប្រសូត្រ​ ​ក៏​មាន​កើត​ហេតុ​ដ៏​ប្លែក​មួយ​ ​ដោយ​មាន​ភាព​ងងឹត​ពេញ​ផ្ទៃ​ព្រះ​បរម​រាជវាំង​អស់​ពេញ​មួយ​ថ្ងៃ ។​

យ៉ាងណា​ព្រឹត្ដិការណ៍​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ ហើយ​មានការ​កាប់​សម្លាប់​គ្នា​នៃ​ក្រុម​រាជវង្ស ។​ ​ហើយ​នេះ​ក៏​បណ្ដាល​ឱ្យ​មាន​ការ​ហៅ​រក​ហោរា​នៃ​ព្រះ​បរមរាជវាំង​មក​ទស្សទាយ​ឃើញ​ថា​មាន​ទារក​ចង្រៃ​កើត​ចំ​ថ្ងៃ​នោះ​ដែល​ត្រូវ​តែ​យក​ទៅ​ប្រហារជីវិត​ ​ឬ​បំបរបង់​ចោល ។​ ​ត្រង់នេះ​ក៏​ពុំ​មាន​ឯក​សារ​ណាមួយ​ជា​ផ្លូវការ​បញ្ជាក់​បដិសេធ​ ​ឬ​ក៏​ទទួលស្គាល់​នោះ​ឡើយ ។​

រឿងរ៉ាវ​ទាំងនេះ​បើ​ទោះបី​ជា​មិន​ទាន់​មានការ​អធិប្បាយ​ផ្សាយ​ជា​សាធារណៈ​ទូលំទូលាយ​ក៏​ដោយ​ ​ក៏​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ខ្លួនឯង​បាន​សារភាព​អំពី​ការ​ដែល​ម្ដាយ​របស់​លោក​ អ្នក​ម្នាង​ ​ហម​ ​បាន​ជ្រើស​រើស​យក​ការ​ចាក​ចេញពី​ព្រះ​បរមរាជវាំង​ដើម្បី​បន្ដ​រស់នៅ​ថែទាំ​កូន​រហូត​ដល់​ពេញ​រូប​ពេញ​រាង​ធំ​ ​និង​បន្ដ​ការ​សិក្សា ។ ​ហើយ​ជា​ញឹកញាប់​បណ្ឌិត​ កេង​ ​វ៉ាន់សាក់​ ​បាន​ប្រាប់​គេឯង​អំពី​ការ​ដែល​គាត់​នៅ​តែ​ដឹងគុណ​គ្មាន​ថ្ងៃ​​ភ្លេច​បាន​នូវ​មហា​ករុណា​ទិ​គុណ​ដ៏​ធំធេង​នៃ​មាតា​របស់​លោក​ដែល​លោក​នៅ​តែ​នឹក​ឃើញ​ជាមួយ​ពាក្យ​ថ្លែង​ថា​ ពេល​ខ្លះ​លោក​បាន​ទាំង​យំ​ខ្សឹប​ខ្សួល​អស់​ពេញ​មួយ​ថ្ងៃ​ពេល​រំលឹក​ដល់​សម្ដី​របស់​មាតា​លោក​ដែល​ប្រកបដោយ​ទឹក​ចិត្ដ​មេត្ដា​នោះ ។​

ប្រវត្ដិ​រឿងរ៉ាវ​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​នៅ​មាន​វែង​ឆ្ងាយ​ទៅ​ទៀត ​ប៉ុន្ដែ​អ្វី​ដែល​គាត់​បាន​ប្រកាស​ប្រាប់​គេឯង​ដូច​ដែល​គេ​ដឹង​នោះ​ ​គឺ​គាត់​តាំងចិត្ដ​ថា​ជា​អ្នក​ប្រឆាំង​ដាច់​ខាត​នឹង​របប​រាជា​និយម​ ​ទំនង​ជា​ដោយសារ​ការ​ដែល​គាត់​បាន​ឃ្លាតឆ្ងាយ​ពី​ទី​កំណើត​ដោយសារ​ការ​ព្យាករណ៍​របស់​ហោរា​ ​ធ្វើ​ឱ្យ​វាសនា​គាត់​ច្របូក​ច្របល់​ដូច​សំពៅ​ឆ្លងកាត់​មហាសមុទ្រ​នោះ ៕​

ទិដ្ឋភាព​ក្នុង​គេហដ្ឋាន​លោក​បណ្ឌិត កេង វ៉ាន់សាក់ (រូប​ថត​លោក និង​ភរិយា​ព្យួរ​នៅ​លើ​ជញ្ជាំង)

ទិដ្ឋភាព​ក្នុង​គេហដ្ឋាន​លោក​បណ្ឌិត កេង វ៉ាន់សាក់
(រូប​ថត​លោក និង​ភរិយា​ព្យួរ​នៅ​លើ​ជញ្ជាំង)

ជីវប្រវត្តិរបស់ នួន ជា ឬ ឡូ បិនគុណ ឬ ឡៅ បេនគន ឬ រុងឡឺត ឡៅឌី ឬ រុងលឹត ឡៅឌី

ដកស្រង់ចេញពី៖​Chouk Khmear

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

នួន ជា ​នៅ​ទីក្រុង​បាងកក (១៩៤២-១៩៥០) និង​បក្ស​កុម្មុយនីស្ដ​ថៃ

ជីវិត​របស់​បុរស​នេះ​នៅ​ទីក្រុង​បាងកក​ដែល​បាន​ក្លាយជា “បងធំ​ទី​២” នៅ​ក្នុង​របប​ខ្មែរក្រហម

ដោយ អ៊ីជី ម៉ូរ៉ាស្ស៊ីម៉ា

ផ្អែក​លើ​បទ​សម្ភាសន៍​ជាមួយ នួន ជា​ និង​អតីត​សម​មិត្ដ​របស់​គាត់​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ និង​ផ្អែក​លើ​កំណត់​ត្រា​សិក្សា​នៅ​ក្នុង​ទីក្រុង​បាងកក​ ការ​សិក្សា​នេះ​បង្ហាញ​ជូន​ពី​ភាព​លម្អិត​ស្ដី​អំពី​ជីវិត​របស់​គាត់​នៅ​ក្នុង​ទីក្រុង​បាងកក​ និង​កែតម្រូវ​ព័ត៌មាន​ដែល​ភ័ន្ដ​ច្រឡំ​បាន​សរសេរ​អំពី​គាត់ ។ គាត់​កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ខេត្ដ​បាត់ដំបង និង​បាន​ទៅ​ទីក្រុង​បាងកក នៅ​ឆ្នាំ​១៩៤២ ដើម្បី​សិក្សា​ថ្នាក់ឧត្ដម​ដោយ​មាន​ឈ្មោះ​ថា រុងឡឺត ឡៅឌី ឬ រុងលឹត ឡៅឌី ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​រៀន​វគ្គ​ត្រៀម​២​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ បន្ទាប់​មក​បាន​ចូល​រៀន​ខាង​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ ។ គាត់​បាន​ចូល​ក្នុង​អង្គការ​យុវជន​ថៃ​ឆ្វេងនិយម​នៅ​ឆ្នាំ​១៩៤៧​ និង​បាន​ចាប់​ផ្ដើម​បម្រើ​ការ​ជា​ស្មៀន​នៅ​ក្រសួង​ហិរញ្ញវត្ថុ ។ ក្នុង​ចំណោម​មិត្ដភក្ដិ​ជិត​ស្និទ្ធ​របស់​គាត់ គាត់​បាន​ស្គាល់​អង្គការ​យុវជន​ថៃ ហើយ​អ្នក​នៅ​កន្លែង​ធ្វើការ​របស់​គាត់​គឺជា​អ្នក​ដែល​បាន​ក្លាយជា​សមាជិក​របស់​បក្ស​កុម្មុយនីស្ដ​ថៃ​ ប៉ុន្ដែ​គាត់​ស្ថិត​ក្រៅ​មណ្ឌល​របស់​បក្ស​អស់​រយៈពេល​៤​ឆ្នាំ​ដោយ​មិន​ចូលរួម​រហូត​ដល់​ឆ្នាំ​១៩៥០ ។

ត្រឹម​ខែ​មករា​ ឆ្នាំ​១៩៥០ គាត់​ស្ទើរតែ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ ។ នៅ​ឆ្នាំ​នោះ​គាត់​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ថៃ និង​ចាប់ផ្ដើម​ធ្វើការ​នៅ​ក្នុង​ក្រសួងការបរទេស ។ ប៉ុន្ដែ​គាត់​បាន​បោះបង់​ចោល​ការ​សិក្សា និង​ការងារ​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មាន​ព័ត៌មាន​តិចតួច​ ឬ​គ្មាន​សោះ​ស្ដី​អំពី​ពេលវេលា​របស់​ នួន ជា នៅ​ក្នុង​ប្រទេស​ថៃ​ពន្យល់​អំពី​ជម្រើស​នយោបាយ​កែប្រែ​សង្គម​ទាំងស្រុង និង​កាប់សម្លាប់​នៅ​ពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច ។ ជម្រើស​ទាំងនេះ​ប្រាកដជា​មាន​ឫសគល់​ផ្សេង​ទៀត​ ដូចជា ​បទ​ពិសោធន៍​របស់ នួន ជា នៅ​ក្នុង​ប្រទេស​វៀតណាម​ ឬ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​គាត់​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៥៥ ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

សេចក្ដី​ផ្ដើម

ក្នុង​នាម​ជា​លេខា​ទី​ពីរ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា ជា​តំណែង​ដែល​គាត់​បាន​កាន់​តាំងពី​ឆ្នាំ​ទសវត្សរ៍​ឆ្នាំ​១៩៦០ នួន ជា ត្រូវ​បាន​ស្គាល់​ថា​ជា «បងធំ​ទី​២» ដែល​ឈរ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​មេដឹកនាំ​បក្ស ប៉ុល ពត ឈ្មោះ​ហៅ​ក្រៅ សាឡុត ស (១៩២៥-១៩៩៨) ។ បន្ទាប់​ពី​កាន់កាប់​ទីក្រុង​ភ្នំពេញ​ដោយ​កម្លាំង​កុម្មុយនីស្ដ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឈ្មោះ​របស់​ប្រទេស​ត្រូវ​បាន​ប្រែ​ទៅ​ជា​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ នួន ជា បាន​ក្លាយជា​ប្រធាន​សភា​តំណាង​ប្រជាជន​របស់​ប្រទេស ។ នៅ​ក្នុង​តំណែង​ជា​ច្រើន​គាត់​បាន​ក្លាយជា​កម្លាំង​ជំរុញ​បែប​មនោគមន៍វិជ្ជា​នៅ​ពីក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ទទួល​ខុសត្រូវ​ចំពោះ​គោលនយោបាយ​ផ្លាស់​ប្ដូរ​ប្រទេស​ទាំងស្រុង​របស់​ខ្លួន ។​

បន្ទាប់​ពី​ការ​លុកលុយ​របស់​វៀតណាម​មក​លើ​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨ គាត់​បាន​ស្នាក់​នៅ​ជាមួយ ប៉ុល ពត ដោយ​ដកថយ​មក​ជាមួយ​មេដឹកនាំ​បក្ស​មក​កាន់​ជនបទ ។ ប៉ុល ពត ស្លាប់​នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​ដដែល នួន ជា ជាមួយ ខៀវ សំផន ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​ថា​យល់​ព្រម​ចុះ​ចូល និង​និយាយ​ថា​ពួក​គេ​មាន​បំណង​រស់​នៅ​ក្នុង​ប្រទេស​ជា​ពលរដ្ឋ​សាមញ្ញ ។ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​ស្នើ​ឡើង​នេះ ។ បន្ទាប់​ពី​នោះ នួន ជា បាន​ផ្លាស់​ទៅ​ក្រុង​ប៉ៃលិន​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ហើយ​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់ ។ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧​ គាត់​ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​នៃ​អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ គាត់​ត្រូវ​បាន​នាំ​ខ្លួន​មក​ទីក្រុង​ភ្នំពេញ​ ហើយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​សវនាការ​នៅ​ចំពោះ​មុខ​សាលាក្ដី​ពិសេស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ទំនុក​បម្រុង​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទៅ​លើ​អំពើ​ប្រល័យ​ពូជសាសន៍ ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

ចំណេះដឹង​រួម​មួយ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ស្ដីពី​ប្រវត្ដិសាស្ដ្រ​កម្ពុជា​សម័យ​ទំនើប​គឺ នួន ជា បាន​ទទួល​ការ​អប់រំ​ថ្នាក់​មធ្យម និង​ថ្នាក់ឧត្ដម​នៅ​ទីក្រុង​បាងកក​ដែល​គាត់​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ធ្វើការ​ជា​មន្ដ្រី​មួយ​រូប​នៅ​ក្នុង​រដ្ឋាភិបាល​ថៃ​ ហើយ​នៅ​ក្នុង​ទីក្រុង​បាងកក​គាត់​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មិន​មាន​ការ​សិក្សា​ណាមួយ​ដែល​ផ្ដល់​ឱ្យ​នូវ​រូបភាព​ត្រឹមត្រូវ និង​លម្អិត​របស់​បុរស​ម្នាក់​នៅ​ក្នុង​អំឡុង​ឆ្នាំ​ដែល​គាត់​បាន​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាងកក​ទេ ។ នៅ​ក្នុង​ស្នាដៃ​របស់​គាត់​ស្ដីពី ប៉ុល ពត ដេវីដ ឆេនល័រ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ល្បីល្បាញ​ម្នាក់​ទៅ​លើ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​សម័យ​ទំនើប​គ្រាន់តែ​បង្ហាញ​ជួន​ដោយ​សង្ខេប​អំពី នួន ជា ដោយ​និយាយ​យ៉ាង​ងាយ​ថាៈ នួន ជា គឺជា​ខ្មែរ​កាត់​ចិន​មក​ពី​ខេត្ដ​បាត់ដំបង​ ហើយ​កើត​ក្នុង​គ្រួសារ​ធូរធា​នៅ​ឆ្នាំ​១៩២៧ ។ ឈ្មោះ​របស់​គាត់​ពី​កំណើត​គឺ ឡូ បិនគុណ (ឡៅ បេនគន ?) ។ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ​នៅ​ពេល​ដែល​ខេត្ដបាត់ដំបង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ថៃ​ គាត់​បាន​ទៅ​ទីក្រុង​បាងកក​ដែល​គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​នៅ​ក្រោម​ឈ្មោះ ឡុង រួត ។ នៅ​ឆ្នាំ​១៩៤៥ គាត់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជា​និស្សិត​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ក្នុង​ទីក្រុង​បាងកក ដែល​គាត់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា ។ ភ្លាម​នោះ​គាត់​បាន​ក្លាយជា​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ ។ គាត់​ប្រហែល​ត្រូវ​បាន​ជំរុញ​ឱ្យ​ធ្វើ​ដូច្នោះ​ដោយ​ជីដូនមួយ​របស់​ឈ្មោះ ស៊ីវ ហេង ដែល​បាន​ចំណាយ​ពេល​មួយ​ផ្នែក​ក្នុង​សង្គ្រាម​នៅ​ទីក្រុង​បាងកក ហើយ​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន​នៅ​ខេត្ដ​បាត់ដំបង​នៅ​ឆ្នាំ​១៩៤៥ ។

ឧទាហរណ៍​មួយទៀត​គឺជា​ការ​អត្ថាធិប្បាយ​សង្ខេប​របស់ ប៊ែន ឃៀរនិន អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ដែល​មាន​ចំណេះ​ដឹង​លម្អិត​អំពី​បក្ស​កុម្មុយនីស្ដ​កម្ពុជា ។ គាត់​សរសេរ​នៅ​ក្នុង​ស្នាដៃ​របស់​គាត់​ស្ដីពី​ប្រធានបទ​នេះ​ថាៈ «នៅ​ឆ្នាំ​ដូច​គ្នា (ឆ្នាំ​១៩៤៥) ឡុង រ៉េត និស្សិត​ច្បាប់​ជនជាតិ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ទីក្រុង​បាងកក​ដែល​បម្រើ​ការងារ​ពាក់កណ្ដាល​ម៉ោង​ជា​ស្មៀន​នៅ​ក្នុង​ក្រសួង​ការបរទេស​ត្រូវ​បាន​ជ្រើសរើស​ដោយ មួន​ និង​ក្រោយមក​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ថៃ ។ គាត់​បាន​ផ្លាស់​ទៅ​ខេត្ដ​បាត់ដំបង​ហើយ​ភ្លាម​នោះ​បាន​ផ្ទេរ​ទៅ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន (នៅ​ឆ្នាំ​១៩៦០ ក្រោម​ឈ្មោះ នួន ជា គាត់​បាន​ក្លាយជា​លេខា​ទី​ពីរ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា) ។»

មាន​និក្ខេបបទ​ថ្នាក់បណ្ឌិត​ដែល​រៀបចំ​ឡើង​ដោយ ស៊ុមសាក់ ជីមទើរ៉ាសាគល់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ថៃ​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ស្ដីពី​ប្រវត្ដិសាស្ត្រ​បក្ស​កុម្មុយនីស្ដ​ថៃ ។ ទាក់ទិន​នឹង នួន ជា ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ក្នុង​បក្ស ស៊ុមសាក់ ភ្ជាប់​សេចក្ដី​សង្ខេប​ជាមួយ​ពាក្យ​មិន​ត្រឹមត្រូវ​មួយ​ចំនួន​របស់​ឧត្ដម ស៊ីសុវ៉ាន ដោយ​សរសេរ​ថាៈ «នៅ​ឆ្នាំ​១៩៤៧ ឧត្ដម​ ចង​ចាំ​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ចូលរួម​ប្រជុំ​បី​បួន​កន្លែង​របស់​កង​យុវជន​ដើម្បី​និយាយ​អំពី​ស្ថានភាព​ក្នុង​ប្រទេស និង​អន្ដរជាតិ ។ ក្នុង​នាម​ជា​កម្មាភិបាល​ម្នាក់​នៅ​ក្នុង​ការងារ​ឃោសនា​បើក​ចំហ​ជា​ធម្មតា​គាត់​មិន​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​អង្គការ​ចាត់តាំង​សម្ងាត់​បែប​នេះ​ឡើយ ។ ក្នុង​នេះ​មាន​សមាជិក​៦​ ឬ​៧​នាក់​ក្រោម​ការ​ដឹកនាំ​របស់​ រួម និង​ រឹង ​ដែល​ក្នុង​ចំណោម​នោះ​មាន​សមាជិក​ខ្មែរ​វ័យក្មេង​ម្នាក់ ។ គាត់​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ ឧត្ដម ​ដោយ​ប្រើ​ឈ្មោះ​ “រ័ត្ន” ​ហើយ​ត្រូវ​បាន​គេ​និយាយ​ថា​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ក្រសួង​ការបរទេស​ថៃ ។ គាត់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ដដែល ។ ក្រោយមក ឧត្ដម​ បានដឹង​ថា រ័ត្ន ការ​ពិត​គឺជា នួន ជា ដែល​បន្ទាប់​ពី​ឆ្នាំ​១៩៧៥​បាន​ក្លាយជា​ប្រធាន​សភា​តំណាង​ប្រជាជន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។»

រួម​ជាមួយ​សេចក្ដី​សង្ខេប​ច្បាស់លាស់ អត្ថបទ​នីមួយៗ​ស្ដីពី នួន ជា ផ្ទុក​នូវ​ភាព​មិន​ត្រឹមត្រូវ​អំពី​ឆ្នាំ​កំណើត​របស់​គាត់​ជា​ឆ្នាំ​ដែល​គាត់​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ និង​វគ្គ​សិក្សា​ដែល​គាត់​បាន​ចូលរួម​ ឈ្មោះ​ដែល​គាត់​បាន​ប្រើ​នៅ​ប្រទេស​ថៃ​អំពី​ការងារ​របស់​គាត់​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ពេល​ណា និង​របៀប​ណា​ដែល​គាត់​បាន​ចូលរួម​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ​ និង​នៅ​ពេល​ណា និង​របៀប​ណា​ទើប​គាត់​បាន​ចូលរួម​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន និង​ការ​តស៊ូ​ប្រឆាំង​នឹង​បារាំង ។

នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០០១​ សាជីវកម្ម​ផ្សព្វផ្សាយ​អូស្ដ្រាលី​បាន​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា​ “អ្នកស៊ើប​អង្កេត​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ស្នើ​សុំ​ឯកសារ​ដែល​ថៃ​មាន” ​ដែល​បាន​អត្ថាធិប្បាយ​ថាៈ «អ្នក​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​កំពុង​ស្នើ​សុំ​សាកលវិទ្យាល័យ​ថៃ​ដែល​ប្រកបដោយ​កិត្យានុភាព​ខ្ពស់​ឱ្យ​ប្រគល់​ឯកសារ​របស់​អ្នកដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​ធ្លាប់់​បាន​សិក្សា​នៅ​ទីនោះ​ដោយ​និយាយ​ថា ឯកសារ​ទាំងនោះ​អាច​ផ្ទុក​នូវ​ភ័ស្ដុតាង​សំខាន់​សម្រាប់​សាលាក្ដី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ សរសេរ​លិខិត​មួយ​ច្បាប់​ដោយ​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ធម្មសាត្រ​ប្រគល់​ឯកសារ​ស្ដីពី នួន ជា ជា​ “បងធំ​ទី​ពីរ” ដែល​មាន​តែ​ស្រមោល​តំណាង​ឱ្យ​ជន​ផ្ដាច់​ការ ប៉ុល ពត ។»

មន្ដ្រី​អង្គការ​សហប្រជាជាតិ​និយាយ​ថា បណ្ណសារដ្ឋាន​របស់​សាកលវិទ្យាល័យ​នឹង​ក្លាយជា​ប្រភព​ឯកសារ​ភ័ស្ដុតាង​សំខាន់​សម្រាប់​សាលាក្ដី ។ អ្នកស៊ើប​អង្កេត​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ នួន ជា ដែល​ជា​លេខា​ទី​ពីរ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ដ្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ នួន ជា បាន​ចូល​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ​ធម្មសាត្រ​ដោយ​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០ ហើយ​ក្រោយមក​ធ្វើការ​នៅ​ក្រសួង​ការបរទេស​ថៃ ឥឡូវ​គាត់​រស់នៅ​ក្រុងប៉ៃលិន​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ដែល​គាត់​ធ្លាប់​រស់នៅ​តាំងពី​ការ​តស៊ូ​របស់​ខ្មែរក្រហម​បាន​បញ្ចប់ ។​

របាយការណ៍​ព័ត៌មាន​មិន​បាន​ចង្អុល​បង្ហាញ​ថា​ តើ​សាកលវិទ្យាល័យ​ធម្មសាត្រ​បាន​ឆ្លើយ​តប​ ឬ​ក៏​អត់​ទេ​ ប៉ុន្ដែ​ទោះបី​សាកលវិទ្យាល័យ​ចង់​ឆ្លើយ​តប​ក៏​ដោយ កាល​ដែល​មិន​ស្គាល់​ឈ្មោះ​ដែល នួន ជា បាន​ប្រើ​ក្នុង​អំឡុង​ពេល​របស់​គាត់​នៅ​ទីក្រុង​បាងកក​ទំនងជា​មិន​អាច​ទៅ​រួច​ទេ​ដើម្បី​កំណត់​អត្ដសញ្ញាណ​របស់​គាត់​ចេញពី​ក្នុង​ចំណោម​និស្សិត​រាប់​ពាន់​នាក់​ដែល​បាន​ចុះ​ឈ្មោះ​នៅ​សាកលវិទ្យាល័យ​ក្នុង​អំឡុងពេល​ដែល​គាត់​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ ។ លើស​ពី​នេះ​ទៀត​ដូចដែល​បាន​ចង្អុល​បង្ហាញ​ខាងក្រោម​រហូត​ដល់​ឆ្នាំ​២០០១​ សូម្បី​តែ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ដែល​សកម្ម​ជាមួយ នួន ជា ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ទីក្រុង​បាងកក​ក៏​មិន​បាន​ដឹង​ថា​សម​មិត្ដ​បក្ស​ចាស់​របស់​គាត់​ដែល​មក​ពី​ប្រទេស​កម្ពុជា​ដែល​ការ​ពិត​គឺ នួន ជា ជា​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​ឡើយ ។ ចាប់ផ្ដើម​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៣ អ្នកនិពន្ធ​រូប​នេះ​បាន​ជួប​ជាមួយ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ជា​មនុស្ស​ដែល​អ្នកនិពន្ធ​បាន​ឮ​ពី នួន ជា ផ្ទាល់​គឺជា​សម​មិត្ដ​របស់​គាត់ ។ សមាជិក​ទាំងនេះ​ជា​អ្នក​ដែល​បាន​ដឹង​ច្រើន​ ប៉ុន្ដែ​ត្រឹមតែ​ថា សម​មិត្ដ​របស់​ខ្លួន​ដែល​បាន​ផ្ទេរ​ពី​បក្ស​កុម្មុយនីស្ដ​ថៃ​ទៅ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន​ ហើយ​បន្ទាប់​មក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​គឺជា​អ្នកក​ដែល​មាន​ឈ្មោះ នួន ជា ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​ព័ត៌មាន​ទូលំទូលាយ​ជា​សាធារណៈ​ស្ដី​អំពី នួន ជា ក្នុង​អំឡុងពេល​របស់​គាត់​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ដែល​អាច​យល់​ពី​ការ​ពិត​ដែល​ថា នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០០៨ ការ​ស្រាវជ្រាវ​តាម​វេបសាយ​របស់​អ្នកនិពន្ធ​ទៅ​លើ​ឈ្មោះ​ថៃ​របស់ នួន ជា គឺ រុងលឺត ឡៅឌី ដោយ​ប្រើ​អក្ខរាវិរុទ្ធ​ថៃ​ចេញ​លទ្ធផល​ច្រើន​ជាង​មួយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ស្រាវជ្រាវ​ដោយ​ប្រើ​ការ​ប្រកប​ជា​អក្សរ​រ៉ូម៉ាំង រុងលឺ ឡៅឌី ដោយ​វាយ​នៅ​ក្នុង​អត្ថបទ​កាសែត​បាងកក​ប៉ុស្ដិ៍​ដោយ​អ្នកកាសែត​ថៃ នូ សារ៉ា ដែល​ធ្លាប់​ប្រមូល​ព័ត៌មាន​សន្ធឹកសន្ធាប់​ទៅ​លើ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ផ្អែក​លើ​បទ​សម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​ជាមួយ នួន ជា អត្ថបទ​នេះ​បាន​លេច​ឡើង​នៅ​ក្នុង​កាសែត​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០០៦ ។ អ្នក​យក​ព័ត៌មាន​ដដែល​គូស​បញ្ជាក់​អំពី​ជីវិត​របស់ នួន ជា នៅ​ក្នុង​ឯកសារ​ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៦​ហើយ​ដែល​អាច​រកបាន​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។

អ្វី​ដែល នូ សារ៉ា​បាន​ឮ​ពី នួន ជា​ និង​អ្វី​ដែល​អ្នកនិពន្ធ​នេះ​បានឮ​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​គាត់​ជាមួយ នួន ជា គឺ​ដូច​គ្នា ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ឈ្មោះ នួន ជា ត្រូវ​បាន​ប្រើ​នៅ​ខណៈ​ពេល​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ដែល​គាត់​មិន​បាន​បកស្រាយ​ការ​សម្ងាត់​ឱ្យ​អ្នកនិពន្ធ​ដឹង​ ប៉ុន្ដែ​គាត់​បាន​ប្រាប់ នូ សារ៉ា ។ នៅ​ក្នុង​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គាត់ (នូ សារ៉ា) សរសេរ​ថា នួន ជា បាន​ចូល​សាកលវិទ្យាល័យ​ធម្មសាត្រ​ការ​ពិត​វគ្គ​ត្រៀម​របស់​សាកលវិទ្យាល័យ​ឱ្យ​កំណត់​ត្រា​របស់​អ្នកនិពន្ធ​នៅ​ក្នុង​ឆ្នាំ​១៩៤៤ ដោយ​ប្រើ​ឈ្មោះ​ថៃ រុងលឺត ឡៅឌី ។ បើ​គ្រាន់តែ​មើល​មួយ​ភ្លែត​ស្នាដៃ​របស់ នូ សារ៉ា លេច​ឡើង​ហួស​ពី​អ្វី​ដែល​មាន​ពី​មុន​មក​ស្ដី​អំពី នួន ជា ប៉ុន្ដែ​បើ​អាន​អត្ថបទ​របស់​គាត់​ឱ្យ​ដិត​ដល់​ជាង​នេះ​អត្ថបទ​នេះ​បង្ហាញ​ថា​គាត់​គ្រាន់តែ​រាយការណ៍​តែ​អ្វី​ដែល នួន ជា បាន​ប្រាប់​គាត់​តែ​ប៉ុណ្ណោះ ។ គាត់​មិន​បាន​ពិនិត្យ​មើល​ទ្រឹស្ដី​ ឬ​ឯកសារ​ដើម​ផ្សេងៗ​ទៀត​ឡើយ ហើយ​ក៏​មិន​បាន​ស្រាវជ្រាវ​រក​អ្នក​ដែល​សកម្ម​ជាមួយ នួន ជា ក្នុង​អំឡុងពេល​ដែល​គាត់​ស្នាក់​នៅ​ទីក្រុង​បាងកក​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​អ្វី​ដែល នួន ជា ប្រាប់​គាត់​ឡើយ ។ ជាង​នេះ​ទៅ​ទៀត នូ សារ៉ា​មិន​បានដឹង​ច្បាប់​អំពី​ប្រវត្ដិសាស្ដ្រ​នយោបាយ​ថៃ​នា​ពេល​នោះ​ទេ ហើយ​ក៏​មិនដឹង​ច្បាស់​អំពី​ច្បាប់​និយ័តកម្ម​ចំពោះ​ការ​ជ្រើសរើស​ឱ្យ​ចូល​ជា​មន្ដ្រី​រដ្ឋាភិបាល​ដែល​បណ្ដាល​ឱ្យ​គាត់​មាន​កំហុស​ជាក់ស្ដែង និង​ធ្វើ​ឱ្យ​មាន​ការ​បកស្រាយ​ដែល​ប្រកបដោយ​ភាព​សង្ស័យ ។ ជា​លទ្ធផល​អ្វី​ដែល​គាត់​បាន​សរសេរ​អំពី​ជីវិត​របស់ នួន ជា នៅ​ក្នុង​ទីក្រុង​បាងកក​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង​ជាក់ស្ដែង ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

អ្នកនិពន្ធ​នេះ​បាន​ទៅ​សួរ​សុខទុក្ខ នួន ជា នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ប៉ៃលិន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០០៣ ដែល​នៅ​ពេល​នោះ​គាត់​នៅ​ជា​មនុស្ស​មាន​សេរីភាព​នៅឡើយ​ ហើយ​បាន​សម្ភាស​គាត់ (នួន ជា) អស់​រយៈពេល​៣​ម៉ោង និង​២០​នាទី ។​ នៅ​ក្នុង​បទ​សម្ភាសន៍​ដែល​ធ្វើ​ឡើង​ជា​ភាសា​ថៃ នួន ជា បាន​បដិសេធ​មិន​បកស្រាយ​ឈ្មោះ​ដែល​គាត់​បាន​ប្រើ​ក្នុង​អំឡុងពេល​នៅ​ទីក្រុង​បាងកក​ ប៉ុន្ដែ​គាត់​បញ្ជាក់​ច្បាស់​ដោយ​និយាយ​ថា​សាលា​មធ្យមសិក្សា​ដែល​គាត់​បាន​បញ្ចប់​គឺជា​សាលា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​បិនចាម៉ាបូភីត​ ឥឡូវ​គឺជា​សាលា​ម៉ាថាយម (បិនចាម៉ាបូភីត) ហើយ​ដែល​គាត់​បាន​បញ្ចប់​វគ្គ​ត្រៀម​ចូល​សាកលវិទ្យាល័យ​ធម្មសាត្រ​ជំនាន់​ទី​៧ ។ គាត់​ក៏​បាន​លើក​ឡើង​នូវ​ឈ្មោះ​មនុស្ស​៥​នាក់​ទៀត​ដែល​ជា​សមាជិក​របស់​បក្ស​កុម្មុយនីស្ត​ថៃ​រួម​មាន​សមាជិក​ម្នាក់​មក​ពី​កង​របស់​បក្ស​ដូច​គ្នា ។

ផ្អែក​លើ​ព័ត៌មាន​នេះ​អ្នកនិពន្ធ​បាន​ធ្វើការ​ស្វែងរក និង​បាន​រក​ឃើញ​ថា ឈ្មោះ​របស់ នួន ជា នៅ​ទីក្រុង​បាងកក​គឺ រុងលឺត ឡៅឌី ។ គាត់​អាច​រក​ឃើញ​ឯកសារ​របស់​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​នោះ​នៅ​ម៉ាថាយម បិនចាម៉ាបូភីត​ និង​សាកលវិទ្យាល័យ​ធម្មសាត្រ​ដែល នួន ជា បាន​សិក្សា​កាល​នៅ​ពី​ក្មេង​ ហើយ​នៅ​ឯ​ក្រសួង​កិច្ចការបរទេស​ថៃ​ជា​កន្លែង​ដែល​គាត់​ធ្លាប់​បាន​ធ្វើការ ។ ក្នុង​ខណៈ​ពេល​ធ្វើការ​ស្រាវជ្រាវ​នេះ​ អ្នកនិពន្ធ​ក៏​បាន​សម្ភាស​ជាមួយ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​មួយ​ចំនួន​ដែល នួន ជា បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​គាត់ ។

យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​មក​ពី​ការ​ស្រាវជ្រាវ​ខាងលើ​ គោលបំណង​នៃ​ការ​សិក្សា​នេះ គឺ​ដើម្បី​តាមដាន​ឱ្យ​បាន​លម្អិត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​ជីវិត និង​សកម្មភាព​នយោបាយ​របស់ នួន ជា កាលពី​នៅ​ក្មេង​ដែល​បាន​រស់នៅ​ទីក្រុង​បាងកក​ពី​ឆ្នាំ​១៩៤២​ ដល់​ឆ្នាំ​១៩៥០ ។ ជាមួយនឹង​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​ចំណុច​ដែល​មិន​ច្បាស់លាស់​អំពី​ជីវប្រវត្ដិ​របស់​គាត់ ។ ការ​សិក្សា​នេះ​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចលនា​កុម្មុយនីស្ដ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ អំឡុង​ពេល​ដែល​ចលនា​កុម្មុយនីស្ដ​ពង្រីក​ខ្លួន​លើស​ពី​សមាជិកភាព​សំខាន់​របស់​ចិន និង​វៀតណាម​ ហើយ​បាន​ចាប់ផ្ដើម​ជ្រើសរើស​សមាជិក​ក្នុង​ចំណោម​បញ្ញាវ័ន្ដ​ថៃ និង​និស្សិត​សាកលវិទ្យាល័យ ។ នួន ជា គឺជា​និស្សិត​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ដែល​ទទួល​ឥទ្ធិពល​ពី​កុម្មុយនីស្ដ​ហើយ​នៅ​ទី​បញ្ចប់​បាន​ចូលរួម​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ ។ មានការ​ស្រាវជ្រាវ​តិចតួច​ស្ដីពី​បក្ស​កុម្មុយនីស្ដ​ថៃ​ក្នុង​អំឡុងពេល​នេះ ។ ជាមួយនឹង​ការ​បកស្រាយ​ឱ្យ​កាន់តែ​លម្អិត​អំពី​បុគ្គល នួន ជា ការ​សិក្សា​នេះ​ក៏​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចលនា​បក្ស​កុម្មុយនីស្ដ​ថៃ​ក្នុង​អំឡុងពេល​ក្រោយ​សង្គ្រាម​បន្ដិច​ព្រមទាំង​ពិនិត្យ​មើល​ការ​ចូលរួម​របស់​ជនជាតិ​ដែល​មាន​ការ​អប់រំ​ខ្ពស់​នៅ​ក្នុង​បក្ស​នេះ ។


ប្រវត្ដិរូប​សង្ខេប​របស់ នួន ជា

ដកស្រង់ចេញពី៖​Chouk Khmer

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

នួន ជា កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ភូមិ​វត្ដគរ ឃុំ​វត្ដគរ ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ។ នួន ជា បាន​ចូល​រៀន​ថ្នាក់​វិទ្យាល័យ និង​ចូល​រៀន​ច្បាប់​នៅ​ទីក្រុង​បាងកក ដែល​នៅ​ទីនោះ នួន ជា បាន​ចូលរួម​ក្នុង​បក្ស​កុម្មុយនិស្ដ​ថៃ ។ នៅ​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥០ នួន ជា បាន​ចូលរួម​ក្នុង​បក្ស​កុម្មុយនិស្ដ​ក្នុង​ស្រុក ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៦០ នួន ជា បាន​ក្លាយ​ទៅជា​សមាជិក​ជាន់​ខ្ពស់​មួយ​រូប ។

នួន ជា គឺជា​មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បាន​កាន់​តំណែង​ដ៏​សំខាន់​រួម​មាន​ តំណែង​ជា​ប្រធាន​សភា​ប្រជាជន និង​នាយក​រដ្ឋមន្ដ្រី​ស្ដីទី នួន ជា គឺជា​សមាជិក​ទី​២ ដែល​មាន​អំណាច​បំផុត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បន្ទាប់​ពី ប៉ុល ពត ។ មាន​ការ​ជឿជាក់​ថា នួន ជា ធ្លាប់​ទទួល​បន្ទុក​គ្រប់គ្រង​លើ​មន្ទីរ​សន្ដិសុខ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​រាប់​ទាំង​មន្ទីរ​ស-២១ (ទួលស្លែង) ។ ក្រោយ​មរណៈភាព​របស់ ប៉ុល ពត នៅ​ឆ្នាំ​១៩៩៨នួន ជា បាន​ចាប់​ផ្ដើម​ការ​ពិភាក្សា​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​ជា​អ្នក​បញ្ចុះ​បញ្ចូល​ឱ្យ នួន ជា ចាក​ចេញពី​ខ្មែរក្រហម ។

បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់

នៅ​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នួន ជា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ​ធ្ងន់ធ្ងរ​ដែល​ក្នុង​នោះ​រួម​មាន «អំពើ​ប្រល័យ​ពូជសាសន៍» «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ» (មនុស្សឃាត ការ​ធ្វើ​ទារុណកម្ម ការ​ដាក់​ឃុំឃាំង ការ​ធ្វើទុក្ខ​បុកម្នេញ ការ​សម្លាប់​បំផុត​ពូជ ការ​និរទេស ការ​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ ការ​ដាក់​ជា​ទាសករ និង​អំពើ​មនុស្សធម៌​ដទៃ​ទៀត) ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម (ការ​សម្លាប់​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម ការ​ប្រព្រឹត្ដ​អមនុស្សធម៌​ ការ​បង្ក​ព្យសនកម្ម​ធ្ងន់ធ្ងរ ឬ​ការ​ធ្វើ​ឱ្យ​ឈឺចាប់​ខ្លាំង​ដោយ​ចេតនា​ដល់​រាង​កាយ និង​សុខភាព ការ​ដកហូត​ដោយ​ចេតនា​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះក្ដី​ដោយ​យុត្ដិធម៌ ការ​និរទេស ឬ​ជម្លៀស​ដោយ​បង្ខំ ឬ​ការ​បង្ខាំង​ជន​ស៊ីវិល​ដោយ​ខុសច្បាប់) ។ នួន ជា ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថែម​ទៀត​អំពី​បទ​មនុស្សឃាត​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សាសនា​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ។ នួន ជា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ចាប់តាំង​ពី​ពេល​នោះ​មក ។

នួន ជា កំពុង​ត្រូវ​បាន​ការពារ​ដោយ​មេធាវី​កម្ពុជា​ម្នាក់​ឈ្មោះ សុន អរុណ ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ការពារ​ជន​កម្ពុជា​ដែល​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ព្រម​ជាមួយ​មេធាវី​អន្ដរជាតិ​២​នាក់​ផ្សេង​ទៀត​ដែល​ម្នាក់​មក​ពី​ប្រទេស​ហុឡង់ដ៍​ឈ្មោះ ម៉ាយខើល ផែសមែន និង​ម្នាក់​ទៀត​ឈ្មោះ វិកទ័រ កូបពេ

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង នួន ជា សូម​មើល​លើ​ចំណុច​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង www.eccc.gov.kh/khmer/case002.aspx



ប្រវត្ដិរូប​សង្ខេប​របស់ អៀង ធីរិទ្ធ​

ដកស្រង់ចេញពីChouk Khmer

អៀង ធីរិទ្ធ (ទស្សនាវដ្ដី​ស្វែងរកការពិត)

អៀង ធីរិទ្ធ កើត​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​១៩៣២ នៅ​សង្កាត់​លេខ​៥ ក្រុង​ភ្នំពេញ ។ អៀង ធីរិទ្ធ បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក​ទទួល​បាន​សញ្ញាបត្រ​អក្សរសាស្ដ្រ​អង់គ្លេស​នៅ​ប្រទេស​បារាំង ។ អៀង ធីរិទ្ធ បាន​រៀប​ការ​ជាមួយ អៀង សារី នៅ​ឆ្នាំ​១៩៥១ ។ បងស្រី​របស់​ខ្លួន​ឈ្មោះ ខៀវ ប៉ុណ្ណារី បាន​រៀប​ការ​ជាមួយ ប៉ុល ពតអៀង ធីរិទ្ធ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៧ ហើយ​ធ្វើការ​ជា​គ្រូ​ង្រៀន​ភាសា​អង់គ្លេស ។

ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង ធីរិទ្ធ គឺ​ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​បាន​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ដ្រី​សង្គមកិច្ច និង​សុខាភិបាលអៀង ធីរិទ្ធ ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ស៊ើប​អង្កេត និង​រាយការណ៍​ពី​បញ្ហា​សុខាភិបាល​មួយ​ចំនួន​នៅ​ភូមិភាគ​ឧត្ដរ ហើយ​ទំនងជា​បានដឹង​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​កំពុង​អត់ឃ្លាន​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ អៀង ធីរិទ្ធ ក៏​ត្រូវ​បាន​ចោទ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់ខ្លួន និង​សម្លាប់​សមាជិក​មក​ពី​ក្រសួង​សង្គមកិច្ច​ និង​សុខាភិបាល ។ នៅ​ឆ្នាំ​១៩៩៦ អៀង ធីរិទ្ធ និង អៀង សារី បាន​ចាក​ចេញ​ពី​ខ្មែរក្រហម ។

បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់

នៅ​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អៀង ធីរិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ ដែល​ក្នុង​នោះ​រួម​មាន «អំពើ​ប្រល័យពូជសាសន៍» «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ» (មនុស្សឃាត ការ​ដាក់​ឃុំឃាំង ការ​ធ្វើទុក្ខ​បុកម្នេញ ការ​សម្លាប់​បំផុត​ពូជ និង​អំពើ​មនុស្សធម៌​ដទៃ​ទៀត) ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម អៀង ធីរិទ្ធ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថែម​ទៀត​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សាសនា​ក្រោម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចាប់ខ្លួន អៀង ធីរិទ្ធ នៅ​ឆ្នាំ​២០០៧ ហើយ​ដាក់​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ចាប់តាំងពី​ពេល​នោះ​មក ។​ អៀង ធីរិទ្ធ កំពុង​ត្រូវ​បាន​ការពារ​ដោយ​មេធាវី​កម្ពុជា​ម្នាក់​ឈ្មោះ ផាត់ ពៅស៊ាង ដែល​គឺជា​សាស្ដ្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង​សេដ្ឋកិច្ច ព្រម​ជាមួយនឹង​មេធាវី​អង់គ្លេស​ម្នាក់​ឈ្មោះ ដាយអាណា អែលលីស ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជាច្រើន ៕

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង អៀង ធីរិទ្ធ សូម​មើល​លើ​ចំណុច​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង www.eccc.gov.kh/khmer/case_iengthirith.aspx


ប្រវត្ដិរូប​សង្ខេប​របស់ អៀង សារី


ដកស្រង់ចេញពី៖Chouk Khmer

អៀង សារី (ទស្សនាវដ្ដី​ស្វែងរកការពិត)

អៀង សារី កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​១៩២៥ នៅ​ភូមិ​លឿងវ៉ា ឃុំ​លឿងវ៉ា ខេត្ដ​ត្រាវិញ ប្រទេស​វៀតណាម ។ អៀង សារី បាន​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​បន្ទាប់​មក​បាន​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​បារាំង ។ អៀង សារី បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​ក្លាយ​ទៅជា​គ្រូបង្រៀន​ប្រវត្ដិវិទ្យា​នៅ​ឆ្នាំ​១៩៥៧ ។ អៀង សារី ទំនងជា​បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៦៣ ។

ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង សារី គឺ​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​បាន​កាន់​មុខ​តំណែង​ជា​ឧបនាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ការបរទេសអៀង សារី ត្រូវ​បាន​ជឿជាក់​ថា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ជូន​សមាជិក​មួយ​ចំនួន​ដែល​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​ការបរទេស​យក​ទៅ​ដាក់​ឃុំឃាំង​នៅ​មន្ទីរ​ស-២១ (ទួលស្លែង) ដែល​នៅ​ទីនោះ ជន​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ទាំង​អម្បាលមាន​បាន​ទទួល​រង​នូវ​ការ​សួរ​ចម្លើយ​ និង​ការ​សម្លាប់​ផ្ដាច់​ជីវិត ។​

ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ អៀង សារី ត្រូវ​បាន​កាត់​ឱ្យ​ជាប់​ទោស​ដោយ​កំបាំង​មុខ​ពី​បទ «ប្រល័យ​ពូជសាសន៍» ហើយ​សម្រេច​ឱ្យ​ប្រហារជីវិត​ដោយ​តុលាការ​ប្រជាជន​បដិវត្ដន៍​កម្ពុជា ។ នៅ​ឆ្នាំ​១៩៩៦ អៀង សារី បាន​ចាក​ចេញពី​ខ្មែរក្រហម​រួម​ និង​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន​រាប់​ពាន់​នាក់​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ប្រទាន​ការ​អត់ឱន​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ​លើ​ការ​សម្រេច​ទោស​ប្រហារជីវិត និង​ការ​សន្យា​ថា ខ្លួន​នឹង​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោម​ច្បាប់​ឆ្នាំ​១៩៩៤ ដែល​បាន​ចែង​ថា រចនាសម្ព័ន្ធ​អង្គការ​របស់​ខ្មែរក្រហម​គឺ​មាន​លក្ខណៈ​មិន​ស្រប​ច្បាប់ ។ នៅ​ពេល​នោះ អៀង សារី បាន​ផ្លាស់​មក​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ អៀង ធីរិទ្ធ ដែល​នឹង​ត្រូវ​ធ្វើការ​កាត់ទោស​នៅ​ក្នុង​សំណុំរឿង​លេខ ០០២ ។

បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់

នៅ​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អៀង សារី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ​ធ្ងន់ធ្ងរ​ដែល​ក្នុង​នោះ​រួម​មាន «អំពើ​ប្រល័យពូជសាសន៍» «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ» (មនុស្សឃាត ការ​ដាក់​ឃុំឃាំង ការ​ធ្វើទុក្ខ​បុកម្នេញ ការ​សម្លាប់​បំផុត​ពូជ និង​អំពើ​មនុស្សធម៌​ដទៃ​ទៀត) ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម (មនុស្សឃាត​ដោយ​ចេតនា ការ​បង្ក​ព្យសនកម្ម​ធ្ងន់ធ្ងរ ឬ​ការ​ធ្វើ​ឱ្យ​ឈឺចាប់​ខ្លាំង ដោយ​ចេតនា​ដល់​រាង​កាយ​ និង​សុខភាព ការ​ដកហូត​ដោយ​ចេតនា​ពី​អ្នកទោស​សង្គ្រាម និង​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្ដិធម៌ ការ​និរទេស ឬ​ជម្លៀស ឬ​ការ​បង្ខាំង​ជន​ស៊ីវិល​ដោយ​ខុសច្បាប់) ។ អៀង សារី ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថែម​ទៀត​អំពី​បទ​មនុស្សឃាត​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សាសនា​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ។ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចាប់ខ្លួន អៀង សារី នៅ​ឆ្នាំ​២០០៧ ហើយ​ដាក់​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ចាប់​តាំងពី​ពេល​នោះ​មក ។ អៀង សារី កំពុង​ត្រូវ​បាន​ការពារ​ដោយ​មេធាវី​កម្ពុជា​ម្នាក់​ឈ្មោះ អាង ឧត្ដម ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ការពារ​ជន​កម្ពុជា​ដែល​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋ​ផ្សេងៗ​ ព្រម​ជាមួយ​មេធាវី​អាមេរិកាំង​ម្នាក់​ឈ្មោះ ម៉ាយខើល ខាណឺវាស ដែល​មាន​បទពិសោធន៍​ការពារ​ក្ដី​ឱ្យ​ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ ៕

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង អៀង សារី សូម​មើល​លើ​ចំណុច​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង www.eccc.gov.kh/khmer/case_iengsary.aspx


ថ្ងៃ​អវសាន​នៃ​គ្រួសារ សាឡុត


ដកស្រង់ចេញពី៖​Chouk Khmer


ការ​ចូល​ទៅ​សួរសុខទុក សាឡុត ញឹប នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ (ទស្សនាវដ្ដី​ស្វែងរកការពិត)

ការ​ចូល​ទៅ​សួរសុខទុក សាឡុត ញឹប នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩

ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​នា​រដូវប្រាំង ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​មួយ​ដែល សាឡុត ស ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជា​ទូទៅ​ថា ប៉ុល ពត បាន​ចាប់​កំណើត​ឡើង ។ គោលបំណង​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ គឺ​ដើម្បី​ជួប​ជាមួយនឹង​ក្មួយ​ស្រី​ម្នាក់​របស់ សាឡុត ស បន្ទាប់​ពី​ឮ​ដំណឹង​ថា ប្អូនប្រុស​របស់ សាឡុត ស ឈ្មោះ សាឡុត ញឹប បាន​ទទួល​មរណភាព​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ។ ទីកន្លែង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​គឺ​ជា​កន្លែង​ដែល​គ្រួសារ​របស់ សាឡុត បាន​រស់នៅ​ហើយ ប៉ុល ពត និង​បងប្អូន​ផ្សេងៗ​ទៀត​របស់​គាត់​បាន​ចាប់​កំណើត​ និង​ចម្រើន​វ័យ ។ ផ្ទះ​នេះ​បែរមុខ​ទៅ​រក​ស្ទឹងសែន​ប្រហែលជា​៥​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីរួមខេត្ដ​កំពង់ធំ ។ យោង​ទៅ​តាម​ក្មួយ​ស្រី​របស់ សាឡុត ស និង​ជា​កូនស្រី របស់ ញឹប ឈ្មោះ ញឹប ថុល បាន​រៀបរាប់​ថា ប៉ុល ពត មិន​ដែល​មក​លេង​ស្រុក​កំណើត​របស់​គាត់​សោះ ។ បច្ចុប្បន្ន ញឹប ថុល មាន​អាយុ​៤៧​ឆ្នាំ​ បាន​និយាយ​ថា គាត់​មិន​ដែល​ជួប​ជាមួយ​នឹង​អ៊ំ​របស់​គាត់​ដែល​មាន​ឈ្មោះ ប៉ុល ពត ឡើយ ។

នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់​ផ្ទះ​នេះ មាន​តែ ថុល ម្នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ផ្ទះ​ជាមួយ​នឹង​កូនៗ​ពីរ​បី​នាក់​ដែល​កំពុង​តែ​លេង​នៅ​ក្បែរ​នោះ ។ ពេល​នោះ ថុល កំពុង​ចិត​បន្លែ​សម្រាប់​ចម្អិន​អាហារ​ថ្ងៃត្រង់ ហើយ​បន្ទាប់​ពី​ឃើញ​ខ្ញុំ គាត់​បាន​ឈប់​ធ្វើ​មក​ស្វាគមន៍​ខ្ញុំ ។ ក្នុង​សម្លៀក​បំពាក់​សារុង​ និង​អាវ​រលុងៗ ថុល​ បាន​សួរ​ខ្ញុំ​ដោយ​សម្ដី​គួរសម​ថា «តើ​ក្មួយ​មក​ទី​នេះ មានការ​អ្វី ?» ក្នុង​នាម​ជា​ភ្ញៀវ​ម្នាក់ ខ្ញុំ​បាន​ណែនាំ​ខ្លួនឯង​ឱ្យ​គាត់​ស្គាល់ ។

ផ្ទះ​របស់ សាឡុត ញឹប (ទស្សនាវដ្ដី​ស្វែងរកការពិត)

ផ្ទះ​របស់ សាឡុត ញឹប

ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​ប្អូនប្រុស​ពៅ​របស់ ប៉ុល ពត ឈ្មោះ​ សាឡុត ញឹប រហូត​ដល់​គាត់​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១០ នៅ​អាយុ​៨៤​ឆ្នាំថុល គឺជា​កូនស្រី​ម្នាក់​របស់​ សាឡុត ញឹប ដែល​រស់នៅ​ក្នុង​ផ្ទះ​នេះ ។ ចំណែក​កូនៗ​ដទៃ​ទៀត​រស់នៅ​ទីកន្លែង​ផ្សេង​ទៀត ។​

នៅ​ពេល​ដែល ប៉ុល ពត ជា​សិស្ស​ម្នាក់​រៀន​នៅ​ទីរួមខេត្ដ​កំពង់ចាម ហើយ​បន្ទាប់​មក​បាន​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​បារាំង ញឹប គឺជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ម្នាក់​ក្នុង​ភូមិ ។ ថុល បាន​និយាយ​ថា «កាលនោះ​ឪពុក​របស់​ខ្ញុំ​មាន​ក្របី​ច្រើន​គួរសម ហើយ​និង​ដីស្រែ​ជា​ច្រើន​ហិកតា ។ យើង​មាន​ស្បៀង​គ្រប់គ្រាន់​សម្រាប់​ហូប» ។ ប៉ុន្ដែ នៅ​អំឡុង​ពេល​ដែល ប៉ុល ពត ក្លាយជា​ថ្នាក់ដឹកនាំ​ម្នាក់​នៅ​ក្នុង​ប្រទេស​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ញឹប គឺជា​បុរស​សាមញ្ញ​ម្នាក់​ដែល​ធ្វើ​ការងារ​ធ្ងន់ៗ​ដូច​ជា​ប្រជាជន​ដទៃ​ទៀត​នៅ​ពេល​នោះ​ដែរ ។ ថុល បាន​និយាយ​ថា «ខ្ញុំ​អាណិត​ឪពុក​របស់ខ្ញុំ​ណាស់ គាត់​ធ្វើការ​យ៉ាង​ហត់នឿយ ហើយ​មាន​ម្ដង​នោះ​នៅ​ក្នុង​ឆ្នាំ​១៩៧៦ គាត់​ស្គម​នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង ហើយ​ស្ទើរតែ​នឹង​ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង» ។

ញឹប និង​បងប្អូន​ដទៃ​ទៀត​មិន​បាន​ដឹង​ទេ​ថា បងប្រុស​របស់​គាត់​ឈ្មោះ ប៉ុល ពត ជា​នាយក​រដ្ឋមន្ដ្រី​នោះ​ទេ រហូត​ដល់​ពេល​ដែល​គាត់​បាន​ឃើញ​រូប​របស់ ប៉ុល ពត បិទ​នៅ​លើ​ជញ្ជាំង​រោង​បាយ​សហករណ៍​នៅ​ឆ្នាំ​១៩៧៨ ។ សាឡុត ស បាន​បាត់​ខ្លួន​ពី​គ្រួសារ​អស់​រយៈពេល​ជិត​១០​ឆ្នាំ រហូត​ដល់ ញឹប បាន​ឃើញ​មុខ​បងប្រុស​របស់​គាត់​ម្ដងទៀត​តាម​រយៈ​រូបថត​នេះ ។

នៅ​ពេល​សួរ​ថា​តើ​អ្នក​ភូមិ​និង​ប្រធាន​សហករណ៍​ដឹង​ថា ញឹប គឺជា​ប្អូនប្រុស​របស់ ប៉ុល ពត ទេ ? ថុល បាន​និយាយ​ថា «គ្មាន​នរណា​ម្នាក់​នៅ​ក្នុងភូមិ​បានដឹង​ពី​រឿង​នេះ​ឡើយ ។ បងប្អូន​ជីដូនមួយ​របស់ខ្ញុំ​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ជា​ទាហាន លន់ នល់ ក៏​ត្រូវ​ខ្មែរក្រហម​យក​ទៅ​សម្លាប់​ដែរ ។ អ៊ំ​ប្រុស​របស់ខ្ញុំ​ម្នាក់​ដែល​ត្រូវជា​បងប្រុស​របស់ ប៉ុល ពត បាន​ស្លាប់​នៅ​ខែមេសា ឆ្នាំ​១៩៧៥ នៅ​ព្រែក​អញ្ចាញ» ។​

បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំនៅ​ឆ្នាំ​១៩៧៩​ ប៉ុល ពត មិន​វិល​មក​ជួបជុំ​ជាមួយ​នឹង ញឹប ឬ​ក៏​បងប្អូន​ផ្សេងៗ​ទៀត​ឡើយ ។ ប៉ុល ពត មិន​ដែល​មក​លេង​ស្រុក​កំណើត​របស់​គាត់​ទាល់តែ​សោះ ហើយ ញឹប ក៏​មិន​ដែល​មាន​ឱកាស​បាន​ទៅ​លេង​នៅ​អន្លង់វែង​ដែរ រហូត​ដល់​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​នៅ​ចុង​ទសវត្សរ៍​៩០ ។ ថុល បាន​និយាយ​ថា ញឹប មិន​បាន​ចង​ចាំ​ថា​ គាត់​បាន​និយាយ​លា​គ្នា​ចុង​ក្រោយ​ទៅ​កាន់ សាឡុត ស និង​ក្រុម​គ្រួសារ​នៅ​ពេល​ណា​នោះ​ទេ ។ ញឹប គ្រាន់តែ​អាច​រៀបរាប់​ពី​ឈ្មោះ សាឡុត ស ដែល​បាន​ចេញពី​ការ​ចង​ចាំ​របស់​គាត់​កាលពី​នៅ​កុមារភាព​ប៉ុណ្ណោះ ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០៩ ញឹប បាន​និយាយ​ថា ប៉ុល ពត គឺជា​មនុស្ស​ឆ្លាត ហើយ​ចេះ​ស្ដាប់​បង្គាប់​ចាស់ទុំ ។ ញឹប បាន​និយាយ​ថា «គាត់​គឺជា​ក្មេង​ប្រុស​ម្នាក់​ចិត្ដ​ល្អ ហើយ​មិន​ដែល​វាយ​ជាមួយនឹង​ក្មេង​ដទៃ​ដែល​មាន​វ័យ​ប្រហាក់​ប្រហែល​នឹង​គាត់​ឡើយ» ។ ញឹប បាន​ជួប​ជាមួយនឹង​បងប្រុស​របស់​គាត់​បន្ទាប់​ពី​គាត់​ត្រឡប់​មក​ពី​សិក្សា​នៅ​ប្រទេស​បារាំង​ហើយ ញឹប យល់​ថា ចរិត​របស់ សាឡុត ស នៅ​តែ​ដដែល ។ ញឹប​ បាន​រៀបរាប់​ថា «ចរិត​របស់​គាត់​គ្មាន​ផ្លាស់​ប្ដូរ​ទេ ទោះបីជា​គំនិត​របស់​គាត់​មិន​នៅ​ក្នុង​ខ្លួន​របស់​ខ្ញុំ​ក៏​ដោយ» ។ បន្ទាប់​ពី​របប​ខ្មែរក្រហម​ដួល​រលំ ញឹប មិន​បាន​ត្រឡប់​មក​កាន់​ភូមិ​កំណើត​របស់​គាត់​ទេ រហូត​ដល់​ឆ្នាំ​១៩៨២ ។ ពេល​មក​ដល់​ភូមិ​កំណើត​វិញ​ទោះបីជា​អ្នក​ភូមិ​បាន​ដឹង​ថា គាត់​គឺជា​ប្អូនប្រុស​ម្នាក់​របស់​ពេជ្ឈឃាត​ម្នាក់​ក៏​ដោយ ប៉ុន្ដែ​គាត់​នៅ​ទទួល​បាន​ការ​ស្រឡាញ់​រាប់អាន​ពី​អ្នក​ភូមិ​ដដែល ដោយសារ​តែ​បុណ្យ​កុសល​ដែល​គាត់​បាន​សាង​ពី​មុន​ពីព្រោះ​ប្រជាជន​បានដឹង​ថា គាត់​ក៏​រង​គ្រោះ​ដូច​ប្រជាជន​ផ្សេងៗ​ទៀត​ដែរ​នៅ​អំឡុង​របប​ខ្មែរក្រហម ។ ថុល បាន​និយាយ​ថា ក្រុម​គ្រួសារ​របស់ សាឡុត ទាំងអស់​មិន​មាន​ទំនាក់ទំនង​ជាមួយនឹង​សាឡុត ស ទេ ។ ថុល តែងតែ​គិត​ថា ឪពុក​របស់​គាត់​គឺជា​មនុស្ស​ល្អ​ម្នាក់ ហើយ​និយាយ​ថា គាត់​មិន​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ស្លាប់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នោះ​ឡើយ ។

ខ្ញុំ​បាន​បន្ដ​សួរ​ទៅ ថុល ទៀត​ថា ដោយ​វិធី​ណា និង ពេល​ណា​ទើប​ដឹង​ថា ប៉ុល ពត បាន​ទទួល​មរណភាព ? គាត់​បាន​និយាយ​ថា គាត់​បានដឹង​តិចតួច​ប៉ុណ្ណោះ​អំពី​មរណភាព​របស់ ប៉ុល ពត ហើយ​គាត់​បានដឹង​ដំណឹង​ពី ប៉ុល ពត តាមតែ​អ្នកកាសែត​ដែល​បាន​មក​នៅ​ផ្ទះ​របស់​គាត់​ប៉ុណ្ណោះ ។ ថុល បាន និយាយ​ថា «ប៉ុល ពត មាន​មុខមាត់​ស្រដៀង​គ្នា​ជាមួយនឹង​ឪពុក​របស់ខ្ញុំ​ដែរ» ។ គាត់​បាន​ឃើញ​រូបថត​របស់ ប៉ុល ពត ជា​លើក​ដំបូង​នៅ​ចុង​ទសវត្សរ៍​៩០ ។ រឿង​មួយ​ទៀត​ដែល ថុល បាន​ដឹង​ពី ប៉ុល ពត គឺ​ការ​កាត់ទោស​ចំពោះ ប៉ុល ពត ដោយ តា​ម៉ុក នៅ​ក្នុង​ឆ្នាំ​១៩៩៧ ។

បន្ទាប់​ពី​ខ្ញុំ​បាន​រៀបរាប់​ប្រាប់ ថុល ដោយ​សង្ខេប​អំពី​ដំណើរការ​កាត់ទោស​ និង​ការ​ឃុំខ្លួន ប៉ុល ពត ឱ្យ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​អន្លង់វែង ហើយ​និង​ការ​ស្លាប់​របស់​គាត់​នៅ​រយៈពេល​មួយ​ឆ្នាំ​ក្រោយមក ថុល បាន​សួរ​ថា​តើ​គាត់​ស្លាប់​ដោយ​ជំងឺ​អ្វី ? មុន​ពេល​ខ្ញុំ​ឆ្លើយ​នឹង​សំណួរ​របស់​គាត់ ថុល បាន​បន្ដ​ថា «គាត់​ប្រហែលជា​មាន​ជំងឺ​ដូច​ជា​ឪពុក​របស់ខ្ញុំ​អ៊ីចឹង ។ ខ្ញុំ​ឮ​ថា គាត់​មាន​ជំងឺ​លើស​ឈាម» ។

សាឡុត ញឹប គឺជា​ប្អូនប្រុស​ពៅ​របស់ ប៉ុល ពត ។ ញឹប​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​តាម​ផ្លូវ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​របស់​គាត់​នៅ​ក្នុង​ខេត្ដ​កំពង់ធំ បន្ទាប់​ពី​ត្រូវ​បាន​ដឹក​ចេញ​មក​ពី​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ។ ថុល​ បាន​និយាយ​ប្រាប់​ខ្ញុំ​អំពី​សុខភាព​រឹងមាំ​របស់​ឪពុក​គាត់​នៅ​មុន​ពេល​ដែល​ឪពុក​របស់​គាត់​បាន​ទទួល​មរណភាព ។ ថុល បាន​និយាយ​ថា «បី​បួន​ថ្ងៃមុន​នេះ គាត់​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ខ្ញុំ​គិត​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ចាស់​ម្នាក់​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ​ទៅ​ហើយ ។ អ្នក​ភូមិ​ឃើញ​គាត់​ជិះ​កង់​ទៅ​មើល​ផ្លូវ​ដែល​កំពុង​តែ​ធ្វើ​នៅ​ក្បែរ​ផ្ទះ​គាត់​ពីរ​បី​ថ្ងៃមុន​គាត់​ធ្លាក់​ខ្លួន​ឈឺ ។ គាត់​មិន​បាន​និយាយ​ពាក្យ​លា​មក​កាន់​ខ្ញុំ​ទេ ។ គាត់​បាន​ទទួល​មរណភាព​ដោយ​ស្ងៀមស្ងាត់ ។»

ពេល​និយាយ​មក​ដល់​ចំណុច​នេះ ថុល បាន​ឱ្យ​កូនប្រុស​របស់​គាត់​ឡើង​ទៅ​លើ​ផ្ទះ​ដើម្បី​យក​ស៊ុម​រូបថត​បុណ្យសព​របស់​ ញឹប និង​រូបថត​របស់​គាត់​មួយ​សន្លឹក​ទៀត ដែល​ថត​ដោយ​ចៅប្រុស​ម្នាក់​នៅ​ពេល​ដែល​គាត់​អង្គុយ​ក្បែរ​ទ្វារ​មុខ​កាំជណ្ដើរ​កាលពី​ពីរ​ខែ​កន្លង​ទៅ ។ តាម​រយៈ​រូបថត ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា មនុស្ស​ជា​ច្រើន​បាន​មក​ចូលរួម​បុណ្យសព​របស់ ញឹប ។ ថុល បាន​និយាយ​ថា «គ្មាន​នរណា​ម្នាក់​ស្អប់​ឪពុក​របស់ខ្ញុំ​ទេ ហេតុនេះ​ហើយ​បាន​ជា​មាន​អ្នក​ភូមិ​ជា​ច្រើន​មក​ចូលរួម​បុណ្យសព​របស់​គាត់» ។​

សព​របស់ សាឡុត ញឹប ត្រូវ​បាន​បូជា​នៅ​មុខ​ផ្ទះ​របស់​គាត់​ដែល​ស្ថិត​នៅ​ចន្លោះ​ដើម​ឫស្សី​ពីរ​គុម្ព​ធំ​ដែល​ដុះ​នៅ​ក្បែរ​មាត់​ស្ទឹងសែន ។ សាឡុត ញឹប គឺជា​កូនប្រុស​ពៅ​របស់ ភឹម សាឡុត និង សុក ណែម ។ សាឡុត និង ណែម មាន​កូន​ប្រាំពីរ​នាក់ ។ មរណភាព​របស់ ញឹប បាន​បង្ហាញ​អំពី​ថ្ងៃ​អវសាន​របស់​គ្រួសារ​សាឡុត ។ ប្រពន្ធ​របស់ ញឹប បាន​ទទួល​មរណភាព ដោយសារ​ជំងឺ​លើស​ឈាម​នៅ​ក្នុង​ឆ្នាំ​២០០១ ៕

ដោយ ញាណ សុជាតិ
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១២៣ ខែមីនា ឆ្នាំ​២០១០



គ្រួសារ​របស់ ប៉ុល ពតៈ សក្ខីកម្ម​ពី​បងស្រី​គាត់

ដកស្រង់ចេញពី៖​ Chouk khmer

គ្រួសារ សាឡុត​

ជីតា​របស់ ប៉ុល ពត ឈ្មោះ ភឹម ។ ខ្ញុំ​មិន​បាន​ស្គាល់​ឈ្មោះ​ឪពុក​ និង​ជីតា​របស់ ភឹម ទេ ហើយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​គ្មាន​ព័ត៌មាន​របស់​អ្នក​ទាំង​ពីរ​ដែរ ។ ភឹម មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ សាឡុត ដែល​ត្រូវ​បាន​យក​មក​ដាក់​ធ្វើ​ជា​នាមត្រកូល​របស់ ប៉ុល ពត គឺ​ឈ្មោះ សាឡុត ស ។​

ភឹម គឺជា​មេ​បញ្ជាការ​យោធា​ខ្មែរ​សេរី​ម្នាក់​នៅ​ក្នុង​អំឡុង​រាជ្យ​ព្រះបាទ ស៊ីសុវត្ថិ (១៩០៤​-​១៩២៧) ។ នៅ​ពេល​នោះ​គាត់​បាន​ចូលរួម​នៅ​ក្នុង​ចលនា​តស៊ូ​មួយ ហើយ​បាន​បាត់​បង់​ជីវិត​នៅ​ទីនោះ ។ គាត់​ជា​មិត្ដ​របស់​តេជោ ថោង និង តេជោ អ៊ី ដែល​ជា​អតីត​ចៅហ្វាយ​ខេត្ដ​កំពង់ធំ ។ នៅ​ក្នុង​បទ​សម្ភាសន៍​កាលពី​១៩៩៧ ជាមួយ សាឡុត រឿង ដែល​ជា​បងស្រី​របស់ ប៉ុល ពត ខ្ញុំ​មិន​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ខ្មែរ​សេរី​ម្នាក់​ចងមិត្ដ​ជាមួយនឹង​ចៅហ្វាយ​ខេត្ដ​នោះ​ទេ ។ ប្រហែលជា​អ្នក​ទាំងនោះ​គឺជា​មិត្ដភក្ដិ​នឹង​គ្នា​តាំងពី​កុមារភាព​មក​ក៏​មិន​ដឹង ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​គ្រួសារ​របស់ ប៉ុល ពត បាន​ទទួល​ការ​លើក​សរសើរ​នៅ​ក្នុង​ខេត្ដ​ដោយសារ​មាន​ជីតា​ធ្លាប់​ធ្វើ​ជា​អ្នក​ចម្បាំង​កាល​ពី​អតីតកាល​ដែរ ។ ការ​ស្រាវជ្រាវ​បន្ថែម​ទៀត គឺ​ដើម្បី​បញ្ជាក់​ពី​តួនាទី​របស់​ ភឹម ថា​តើ​គាត់​ធ្វើ​ជា​មេ​បញ្ជាការ​យោធា​ម្នាក់ ឬ​ក៏​ធ្វើ​ជា​ខ្មែរ​សេរី​ម្នាក់ ឬ​ក៏​ទាំង​ពីរ ។

ចំណែក​ឪពុក​របស់ ប៉ុល ពត ឈ្មោះ ភឹម សាឡុត ហើយ​ម្ដាយ​ឈ្មោះ សុក ណែម ។ អ្នក​ទាំង​ពីរ​គឺ​ជា​កសិករ​សុទ្ធសាធ​ហើយ​គ្មាន​មុខរបរ​ផ្សេង​ក្រៅពី​នេះ​ទៀត​ទេ ។ អ្នក​ទាំង​ពីរ​ស្លាប់​នៅ​កន្លែង​ដែល​ពួក​គេ​ចាប់​កំណើត​នៅ​ក្នុង​ភូមិ​ព្រែកស្បូវ ។ នៅ​អំឡុង​របប​សាធារណរដ្ឋ​ខ្មែរ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ភូមិ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​កាំភ្លើង​ធំ​ដ៏​សំខាន់​ធំ​មួយ​របស់​ទាហាន លន់ នល់ ។ មេ​បញ្ជាការ​យោធា​នោះ​ឈ្មោះ ទេព បែន ។ អ្នក​ភូមិ​ជា​ច្រើន​បាន​និយាយ​ថា ទ័ពព្រៃ​ខ្មែរក្រហម​មិន​ធ្លាប់​ធ្វើការ​វាយ​ប្រហារ​ចូល​មក​ក្នុង​ភូមិ​នេះ​ទេ​នៅ​មុន​ឆ្នាំ​១៩៧៥ ដែល​ជា​ឆ្នាំ​ដែល​កងទ័ព​ប្រដាប់​អាវុធ​សាធារណរដ្ឋ​ខ្មែរ​ទទួល​បរាជ័យ ។ តំណាងរាស្ដ្រ​កាលពី​ជំនាន់​នោះ​មាន​ឈ្មោះ​ ជា ឆេង ហើយ​និង​ប្រធាន​ឃុំ​ឈ្មោះ សេង នី ដែល​បច្ចុប្បន្ន​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ទៅ​ហើយ​ នៅ​ក្នុង​ភូមិ​មាន​វត្ដ​មួយ​ឈ្មោះ ពៅពិសី

នៅ​អំឡុង​របប​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​-​១៩៧៩ អ្នក​ភូមិ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ ។ អ្នកស្រុក​ទាំងនោះ​ដែល​នៅ​ខាងជើង​ស្ទឹងសែន​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​នៅ​ភាគ​ខាង​ជើង​ហើយ​អ្នក​ដែល​មាន​ទីលំនៅ​នៅ​ខាងត្បូង​ស្ទឹង​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​ទិស​ខាងត្បូង ។ ភូមិ​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​កងទ័ព​ ប៉ុល ពត ព្រមទាំង​ជនជាតិ​ភាគតិច​កួយ​ និង​ចាម​ដែល​នៅ​ជិត​ស្និទ្ធ​ជាមួយនឹង​ខ្មែរក្រហម ។

នៅ​អំឡុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​(១៩៧៩​-​១៩៨៩) និង​អំឡុង​សម័យ​រដ្ឋ​កម្ពុជា​ឆ្នាំ (១៩៨៩​-​១៩៩២) ជនជាតិ​ចាម​ និង​ជនជាតិ​កួយ​ដែល​រស់នៅ​ភូមិ​ព្រែកស្បូវ​បាន​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​គេ​នៅ​ក្នុង​ឃុំ​ប្រាសាទ ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ​វិញ ។

អ្នក​ភូមិ​ព្រែកស្បូវ​បាន​និយាយ​ថា ភូមិ​នេះ​មិន​មែន​ជា​គោលដៅ​វាយប្រហារ​ពី​សំណាក់​ខ្មែរក្រហម​ទេ​កាលពី​ជំនាន់ លន់ នល់ ហើយ​ភូមិ​ព្រែកស្បូវ​ក៏​មិន​ដែល​ទទួល​ការ​គំរាម​កំហែង​ដោយ​អាវុធ​អ្វី​ដែរ ។ លោក យន់ ប៉ោក ដែល​ជា​ប្រធាន​រដ្ឋបាល​នៅ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ដ​កំពង់ធំ​បាន​ប្រាប់​យើង​ថា នៅ​ឆ្នាំ​១៩៩៣ អ៊ំ​ប្រុស​របស់ ប៉ុល ពត (យើង​មិន​បាន​សួរ​ឈ្មោះ​របស់​គាត់) បាន​ត្រឡប់​មក​ពី​ជំរំ​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​សង់ផ្ទះ​មួយ​ដែល​មាន​ពីរ​បន្ទប់ ។ អ៊ំ​ប្រុស​នេះ​ធ្លាប់​ធ្វើ​ដំណើរ​ពី​ខេត្ដ​កំពង់ធំ និង​ក្រុងប៉ៃលិន ជា​កន្លែង​ដែល​គាត់​បាន​ទទួល​លុយ​ពី​ ប៉ុល ពត តាម​រយៈ​លោក អ៊ី ឈាន ។ គាត់​ក៏​ធ្លាប់​បាន​ទទួល​លុយ​នៅ​ស្រុក​ស្ទោង​ពី​ទាហាន​របស់ ប៉ុល ពត នៅ​ភ្នំ​ដងរែក​ដែរ ។

ជួប​ជាមួយ សាឡុត រឿង ដែល​ជា​បងស្រី​របស់ ប៉ុល ពត

សាឡុត រឿង (ទស្សនាវដ្ដី​ស្វែងរកការពិត)

សាឡុត រឿង

មេឃ​កំពុង​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង​ពេល​ដែល​យើង​បាន​មក​ដល់​ផ្ទះ​ដូន​ចាស់​ម្នាក់​ឈ្មោះ សាឡុត រឿង ដែល​ជា​បងស្រី​របស់ ប៉ុល ពត និង​ជា​អតីត​នារី​ស្រស់​ស្អាត​ម្នាក់​នៅ​ក្នុង​ខេត្ដ​កំពង់ធំ ។ ពេល​នោះ វាល​ស្រែ​មាន​ពណ៌​បៃតង​ខ្ចី ហើយ​ផ្លូវ​ក៏​មាន​ការ​លំបាក​ដោយសារ​មាន​ភក់​ច្រើន​ និង​រអិល​ផង ។ ផ្លូវ​នេះ​តូច​ខ្លាំង​ណាស់​សម្រាប់​រថយន្ដ​ធំ​របស់​យើង ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ផ្ទះ​របស់​គាត់ ។ គាត់​កំពុង​សម្រាក​នៅ​លើ​គ្រែ​នៅ​ពេល​ដែល​យើង​ទៅ​ដល់ ។ កូនប្រសា​ស្រី​របស់​គាត់​ និង​ចៅៗ​របស់​គាត់​បាន​ចេញ​មក​ស្វាគមន៍​យើង ។ ក្រោយ​មក កូន​របស់​គាត់​ក៏​បាន​មក​ចូលរួម​ជាមួយ​យើង​ដែរ ។ យាយ​ រឿង ចាប់​ផ្ដើម​និយាយ​ពី​ផ្ទះ​របស់ ឃុន មាឃ នៅ​ក្នុង​ព្រះ​បរមរាជវាំង ។ ឈ្មោះ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ ហើយ​សួរ​គាត់​ថា តើ ឃុន មាឃ នោះ​ជា​នរណា ? គាត់​បាន​ឆ្លើយ​ថា «ព្រះបាទ​មុនីវង្ស» ។

យាយ​រឿង បាន​រៀបរាប់​ថា «ដំណាក់​របស់ ឃុន មាឃ​ គឺ​ជា​លំនៅ​ស្ថាន​មួយ​ដែល​ធ្វើ​ឡើង​ពី​ឥដ្ឋ ហើយ​លាប​ពណ៌​ត្នោត ។ គ្មាន​សួនច្បារ​ទេ​នៅ​ឯ​ដំណាក់ ឃុន មាឃ ។ រាជវាំង​នេះ​មាន​សួនច្បារ​មួយ​ស្អាត​ខ្លាំង​ណាស់​ដែល​មាន​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន ។ អ្នករបាំ​បាន​ឡើង​ហាត់​សម​របាំ​របស់​គេ​នៅ​ក្នុង​ដំណាក់​រាជបល្ល័ង្ក ។ កម្រាលព្រំ​នៅ​ក្នុង​ដំណាក់​រាជបល្ល័ង្ក​ស្អាត​ខ្លាំង​ណាស់ ។ ខ្ញុំ​ចូល​ចិត្ដ​វា​ជា​ខ្លាំង ។ ហើយ​ដំណាក់​រាជបល្ល័ង្ក​នេះ​ក៏​មាន​ក្លិន​ក្រអូប​ដែរ ។ នៅ​រៀង​រាល់​យប់​យើង​មាន​ភ្លើង​អគ្គិសនី​សម្រាប់​ប្រើប្រាស់ ។ យើង​មិន​ដែល​ប្រើ​ទៀន​នៅ​ក្នុង​ដំណាក់​រាជបល្ល័ង្ក​ឡើយ» ។

យាយ​ រឿង បន្ថែម​ទៀត​ថា «ព្រះបាទ​មុនីវង្ស ចិត្ដ​ល្អ​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ។ ខ្ញុំ​នៅ​ក្បែរ​ព្រះ​អង្គ​នៅ​ថ្ងៃ​ដែល​ទ្រង់​សោយ​ទិវង្គត ។ ព្រះ​អង្គ​មិន​ស្លៀក​សម្លៀក​បំពាក់​អ្វី​ទាំងអស់ (ក្រោយ​មក យាយ​រឿង បាន​និយាយ​ថា ព្រះ​អង្គ​គ្រង​អាវ​ស​ និង​សារុង)» ។ យាយ​ រឿង ​ពោល​ទៀត​ថា «ខ្ញុំ​ពាក់អាវ​មាន​ផ្កា​ចម្រុះ​ពណ៌​ និង​សំពត់​ខ្មៅ ។ សក់​របស់ខ្ញុំ​ខ្លី និង​មិន​បាន​តុបតែង​អ្វី​ទេ» ។​

ខ្ញុំ​សួរ​ថា​តើ​ព្រះ​អង្គ​ចូល​ចិត្ដ​ម៉ូត​សក់​របស់​យាយ​ទេ ? ជាមួយនឹង​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត យាយ​រឿង បាន​ប្រាប់​ខ្ញុំ​ថា «វា​ជា​រឿង​សម្ងាត់» ។ នៅ​ពេល​សួរ​ថា តើ​គាត់​ធ្លាប់​ផ្ទុំ​ជាមួយ​ព្រះ​អង្គ​ទេ​មុន​ពេល​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត គាត់​មិន​បាន​ឆ្លើយ​អ្វី​ទេ ប៉ុន្ដែ​គាត់​ញញឹម ។ គាត់​បាន​និយាយ​ថា ព្រះ​អង្គ​មិន​ចូល​ចិត្ដ​សក់​វែង ហើយ​មាន​តុបតែង​អ្វី​ទេ ។ ព្រះ​អង្គ​ចូល​ចិត្ដ​សក់​ខ្លី​ធម្មតា ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ឃើញ​នារី​មាន​សក់​វែង​ ឬ​មាន​ការ​តុបតែង​ម្ដងៗ​ព្រះ​អង្គ​តែងតែ​ថា​ឱ្យ​អ្នក​ទាំងនោះ​ជា​និច្ច ។ យាយ​រឿង បាន​បន្ថែម​ថា «នៅ​ពេល​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត​នៅ​លើ​ភ្នំ​បូកគោ ខ្ញុំ​យំ​ខ្លាំង​ណាស់ ។ ខ្ញុំ​នឹក​ព្រះ​អង្គ ។ ទោះបីជា​ពេល​ឥឡូវ​នេះ ក៏​ខ្ញុំ​នៅ​តែ​នឹក​ព្រះ​អង្គ​ដែរ» ។

ខ្ញុំ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​អ៊ំ​នឹក​ព្រះ​អង្គ​ខ្លាំង​ម្ល៉េះ ? តើ​ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​អ៊ំ ? គាត់​ញញឹម​ម្ដង​ទៀត រួច​និយាយ​ជាមួយនឹង​ស្នាម​ញញឹម​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ថា «ព្រះ​អង្គ​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់» ។​

«នៅ​ពេល​ដែល​ខ្ញុំ​ទើបតែ​មក​ដល់​ក្នុង​ព្រះរាជវាំង​ដំបូង​ ព្រះ​អង្គ​បាន​ឱ្យ​ក្រវិល​ពេជ្រ​ខ្ញុំ​មួយ​គូរ ។ បី​ខែ​ក្រោយមក ព្រះ​អង្គ​បាន​សង់ផ្ទះ​មួយ​ខ្នង​សម្រាប់​ខ្ញុំ ។ ព្រះ​អង្គ​បាន​ទិញ​ឡាន​មួយ​ឱ្យ​ខ្ញុំ​ គ្រឿង​សង្ហារិម​មួយ​ឈុត គ្រែ​និង​ពូក គ្រឿង​ផាត់មុខ ហើយ​និង​អ្វីៗ​ជា​ច្រើន​ទៀត ។ ព្រះ​អង្គ​ថែម​ទាំង​រៀបចំ​គ្រឿង​សង្ហារិម​សម្រាប់​ខ្ញុំ​ទៀត​ផង ។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ងារ​ឱ្យ​ខ្ញុំ​ជា​អ្នក​ម្នាង​ដែល​មាន​ឋានៈ​ស្មើ​នឹង​អ្នកម្នាង ម៉ូនិក នៅ​មុន​ពេល​ដែល​អ្នក​ម្នាង​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ក្សត្រី​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ដែរ»។ យាយ ​រឿង បាន​សើច​ហើយ​និយាយ​ថា គាត់​គ្មាន​ទ្រព្យសម្បត្ដិ​អ្វី​ទេ​ គឺ​មាន​តែ​ខ្លួន​ទទេ​នៅ​ពេល​ដែល​គាត់​ចូល​មក​រស់នៅ​ក្នុង​រាជដំណាក់ ។

យាយ​ រឿង បាន​និយាយ​ថា នៅ​រៀង​រាល់​រដូវ​ក្ដៅ​ ព្រះ​អង្គ​តែងតែ​យក​គាត់​ទៅ​លេង​ភ្នំ​បូកគោ​ជា​និច្ច ។ នៅ​រដូវវស្សា​ព្រះ​អង្គ​ចូល​ចិត្ដ​យក​គាត់​ទៅ​លេង​នៅ​ត្រពាំងជង ​ខេត្ដ​ពោធិ៍សាត់​ណាស់ ។ យាយ​ រឿង បាន​និយាយ​ថា «ព្រះ​អង្គ​តែងតែ​យក​ខ្ញុំ​ទៅ​ជាមួយ​ជា​និច្ច ។ ព្រះ​អង្គ​ស្រឡាញ់​ខ្ញុំ​ណាស់» ។ ខ្ញុំ​បាន​សួរ យាយ​រឿង​ថា «អ៊ីចឹង តើ​ពេល​នោះ​អ៊ំ​ស្អាត​ណាស់​មែន​ទេ ?» យាយ​រឿង​មិន​បាន​ផ្ដល់​ចម្លើយ​អ្វី​ទាំងអស់ ។ គាត់​បាន​សើច ហើយ​និយាយ​ថា «ព្រះ​អង្គ​សោយ​អាហារ​មុន ហើយ​បន្ទាប់​មក​ខ្ញុំ​ហូប​តាម​ក្រោយ ។ ក្នុង​រាជវាំង​មាន​មនុស្ស​បី​នាក់​ទទួល​បន្ទុក​ចម្អិន​អាហារ​សម្រាប់​ព្រះ​អង្គ (ជនជាតិ​បារាំង​ម្នាក់ និង​ជនជាតិ​ខ្មែរ​ពីរ​នាក់) ។ មនុស្ស​ជា​ច្រើន​បម្រើ​ព្រះ​អង្គ​នៅ​អំឡុង​ពេល​សោយ​អាហារ​ថ្ងៃត្រង់​ ឬ​អាហារ​ពេល​ល្ងាច ។ ខ្ញុំ​ធ្លាប់​ហូប​អាហារ​តែ​ពីរ​នាក់​ជាមួយ​ព្រះ​អង្គ» ។​

ខ្ញុំ​សួរ​ថា «នៅ​កន្លែង​ណា ?» យាយ​ រឿង បាន​ឆ្លើយ​ថា «បូកគោ» ។ យាយ​ រឿង ​បាន​និយាយ​ទៀត​ថា «ព្រះ​អង្គ​បាន​ទិញ​គ្រឿង​អលង្ការ​ជា​ច្រើន​ឱ្យ​ខ្ញុំ» ។​

ខ្ញុំ​បាន​សួរ​គាត់​ថា តើ​ព្រះ​អង្គ​បាន​ឱ្យ​ផ្កា​ទៅ​អ៊ំ​ដែរ​ឬ​ទេ ? គាត់​ញញឹម​ហើយ​និយាយ​ថា «យើង​មិន​ចាំ​បាច់​ឱ្យ​ផ្កា​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ពីព្រោះ​យើង​បាន​យល់​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ។ ព្រះ​អង្គ​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​រាំ​របាំ ប៉ុន្ដែ​ខ្ញុំ​បដិសេធ​នឹង​បញ្ជា​របស់​ទ្រង់» ។ ខ្ញុំ​ក៏​សួរ​ដោយ​ឆ្ងល់​ថា «តើ​អ៊ំ​ហ៊ាន​បដិសេធ​នឹង​បញ្ជា​របស់​ព្រះ​អង្គ​ដែរ​ឬ ?» យាយ​ រឿង និយាយ​ដោយ​ញញឹម​ថា «ព្រះ​អង្គ​មិន​អាច​យក​ឈ្នះ​លើ​ការ​អង្វរ​ក​របស់​ខ្ញុំ​បាន​ទេ» ។ យាយ​ រឿង បន្ថែម​ទៀត​ថា «ខ្ញុំ​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​ធ្វើ​ជា​អ្នក​រាំ​របាំ ។ ក្រោយ​មក ព្រះ​អង្គ​យល់​ស្រប ដោយ​មិន​ឱ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​រាំ​របាំ​ទេ» ។

ខ្ញុំ​គិត​ថា​គាត់​នៅ​តែ​ស្រឡាញ់​ព្រះ​អង្គ​យ៉ាង​ជ្រាលជ្រៅ ។ គាត់​ដឹង​ពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ ។ គាត់​មិន​បាន​សារភាព​ថា​គាត់​ធ្លាប់​ផ្ទុំ​ជាមួយ​ព្រះ​អង្គ​ទេ​មុន​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត ។ ប៉ុន្ដែ​គាត់​មាន​ភាព​រីករាយ​នៅ​ពេល​ដែល​គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​បាន​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត ។ គាត់​ញញឹម​ និង​សើច​នៅ​ពេល​ដែល​និយាយ​អំពី​ព្រះ​អង្គ ។​

ខ្ញុំ​សួរ​គាត់​ថា​ តើ​ព្រះ​អង្គ​មាន​ធ្លាប់​ប្រគល់​កន្សែង​ដៃ​ដល់​គាត់​ដែរ​ឬ​ទេ ? បន្ទាប់​មក គាត់​ញញឹម ។ ខ្ញុំ​ក៏​សួរ​ថា តើ​ព្រះ​អង្គ​ធ្លាប់​នាំ​ទៅ​ប្រមាញ់​សត្វ​ដែរ​ឬ​ទេ ? គាត់​ញញឹម​ម្ដងទៀត ។ គាត់​ប្រាប់​ខ្ញុំ​ថា​សំណួរ​របស់​ខ្ញុំ​ទាក់ទង​នឹង​រឿង​ផ្ទាល់ខ្លួន​ជា​ច្រើន ។ គាត់​បាន​និយាយ​ថា «វា​គឺ​ជា​រឿង​សម្ងាត់​របស់​ខ្ញុំ» ។ ខ្ញុំ​បាន​សួរ​គាត់​អំពី​ការ​រាំ​របាំ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។ គាត់​បាន​ឱ្យ​ខ្ញុំ​ទៅ​និយាយ​ជាមួយ​មនុស្ស​ម្នាក់​ឈ្មោះ ស្មី ។ គាត់​និយាយ​ថា «ប៉ុន្ដែ​បច្ចុប្បន្ន ស្មី បាន​ស្លាប់​ហើយ» ។ ខ្ញុំ​បាន​បកស្រាយ​ប្រាប់​គាត់​ពី​សារសំខាន់​ក្នុង​ការ​រក្សា​ប្រវត្ដិសាស្ដ្រ ។ គាត់​ហាក់​ដូចជា​យល់​ស្រប​ជាមួយ​នឹង​ខ្ញុំ ហើយ​អញ្ជើញ​ខ្ញុំ​មក​សួរ​សុខទុក្ខ​គាត់​ម្ដង​ទៀត ។​

នៅ​ជាមួយ សាឡុត រឿង ខ្ញុំ​យល់​ថា ខ្ញុំ​កំពុង​តែ​និយាយ​ជាមួយ​នារី​ឆ្លាត​ និង​ស្អាត​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​២០​ឆ្នាំ ។ គាត់​នៅ​តែ​ស្រឡាញ់​ព្រះ​អង្គ ។ ខ្ញុំ​ជឿជាក់​ថា ព្រះ​អង្គ​បាន​ផ្ទុំ​ជាមួយ​គាត់ ហើយ​ក្រោយមក​ព្រះ​អង្គ​បាន​សុគត​នៅ​លើ​គ្រែ​នៅ​ឯ​ភ្នំ​បូកគោ ។ គាត់​គឺ​ជា​មនុស្ស​តែ​ម្នាក់​ដែល​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត ។

ប៉ុល ពត (ទស្សនាវដ្ដី​ស្វែងរកការពិត)

ប៉ុល ពត

បន្ទាប់​មក គាត់​ចាប់ផ្ដើម​និយាយ​អំពី ប៉ុល ពត ប្រាប់​ខ្ញុំ ។ ប៉ុល ពត បាន​ចាក​ចេញពី​គ្រួសារ​នៅ​ពេល​ដែល​គាត់​មាន​អាយុ​៦​ឆ្នាំ ។ នៅ​ពេល​ដែល ប៉ុល ពត មាន​អាយុ​៧​ឆ្នាំ គាត់​បាន​មក​លេង​ភូមិ​ម្ដង ។ គាត់​ពាក់​អាវ​ស ខោ​ស និង​ស្បែកជើង​ឈើ ។ គាត់​ចូល​ចិត្ដ​និយាយ​លេង​អំពី​អ្វី​ដែល​សំខាន់ៗ ។ គាត់​ដឹង​ពី​អ្វី​ដែល​ខ្លួន​គាត់​និយាយ ប៉ុន្ដែ​គាត់​ចូល​ចិត្ដ​និយាយ​លេងសើច​ច្រើន ។ ប៉ុល ពត កើត​នៅ​ឆ្នាំ​ឆ្លូវ (១៩២៥)។ បច្ចុប្បន្ន​គាត់​គួរតែ​មាន​អាយុ​៨៥​ឆ្នាំ ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ដឹង​ថា​ ប៉ុល ពត កើត​នៅ​ឆ្នាំ​ឆ្លូវ ពីព្រោះ​ខ្ញុំ​ក៏​កើត​នៅ​ឆ្នាំ​នេះ​ដែរ ប៉ុន្ដែ​ខ្ញុំ​កើត នៅ​ក្រោយ​គាត់​បី​ទសវត្សរ៍ ។

សាឡុត សេង (ទស្សនាវដ្ដី​ស្វែងរកការពិត)

សាឡុត សេង

សាឡុត សេង បងប្រុស​ធំ​បង្អស់​របស់ ប៉ុល ពត គឺ​ជា​កសិករ ។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ខ្មែរក្រហម​បាន​សម្លាប់​កូនប្រុស​របស់​គាត់​ដែល​មាន​អាយុ​២១​ឆ្នាំ ។ កូន​របស់​គាត់​ជា​ទាហាន​ លន់ នល់ ។ គាត់​នឹង​មិន​អាច​អភ័យទោស​ដល់ ប៉ុល ពត បាន​ទេ ។

សាឡុត ញឹប (ទស្សនាវដ្ដី​ស្វែងរកការពិត)

សាឡុត ញឹប

សាឡុត ញឹប ប្អូនប្រុស​ពៅ​របស់ ប៉ុល ពត បាន​និយាយ​ថា ប៉ុល ពត គឺជា​បងប្រុស​ដ៏​គួរ​ឱ្យ​ស្រឡាញ់ ។ «ខ្ញុំ​នឹង​នាំ​គាត់​មក​វិញ​ប្រសិនបើ​គាត់​គ្មាន​ទោស» ។ គាត់​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​គ្រួសារ​របស់​គាត់ រួម​ទាំង ប៉ុល ពត និង​ប្រពន្ធ​ទី​មួយ​របស់​គាត់​ ខៀវ ប៉ុណ្ណារី បាន​មក​ភូមិ​របស់​គាត់​ដើម្បី​ធ្វើ​បុណ្យ​សព​ឱ្យ​គាត់​ យាយ​ រឿង មើល​ទៅ​ប្រៀប​បី​ដូច​ជា​ជន​សក្ដិភូមិ​ម្នាក់ ។ ចៅ​របស់ ប៉ុល ពត ដែល​រស់​នៅ​ជាមួយ​យាយ​ រឿង ហៅ ប៉ុល ពត ថា «វា» ​មាន​ន័យ​ថា «សត្វ» ។ យាយ​រឿង ហាក់​ដូចជា​កំពុង​ប្រាប់​ខ្ញុំ​ថា ប៉ុល ពត បាន​បំផ្លាញ​សុភមង្គល​របស់​គាត់ ៕

ដោយ ឆាំង យុ
ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត លេខ​១២៣ ខែមីនា ឆ្នាំ​២០១០

ប្រវត្ដិរូប​សង្ខេប​របស់ ខៀវ សំផន


ដកស្រងពី៖choukhmer

ខៀវ សំផន (ទស្សនាវដ្ដី​ស្វែងរកការពិត)

ខៀវ សំផន កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ នៅ​ខេត្ដ​ស្វាយរៀង ។ ខៀវ សំផន បាន​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៥ ។ នៅ​ឆ្នាំ​១៩៦២ ខៀវ សំផន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​នៅ​ក្នុង​រាជការ​របស់​សម្ដេច​ព្រះ​នរោត្ដម សីហនុ ។ ដោយ​មាន​ការ​គំរាម​រក​ចាប់ខ្លួន​ ខៀវ សំផន បាន​រត់​ទៅ​លាក់ខ្លួន​ក្នុង​ឆ្នាំ​១៩៦៧ ហើយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ខៀវ សំផន បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម ។

ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំផន បាន​កាន់​មុខ​តំណែង​ជា​ប្រមុខរដ្ឋ (ប្រធាន​គណៈ​ប្រធាន​រដ្ឋ) ។ បន្ទាប់​ពី ប៉ុល ពត បាន​ចូល​និវត្ដន៍​ពី​តំណែង​ប្រធាន​ក្រុម​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៨៧ ខៀវ សំផន បាន​ក្លាយជា​ប្រធាន​ក្រុម​ខ្មែរក្រហម និង​តំណាង​ឱ្យ​អង្គការ​ចាត់​តាំង​នៅ​ឯ​សន្និសីទ​សន្ដិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៨៩ ។ ក្រោយ​ពី​មរណៈភាព​របស់ ប៉ុល ពត ក្នុង​ឆ្នាំ​១៩៩៨ ខៀវ សំផន បាន​ចាក​ចេញ​ពី​ខ្មែរក្រហម ។

បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់

នៅ​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ​ធ្ងន់ធ្ងរ​ដែល​ក្នុង​នោះ​រួម​មាន «អំពើ​ប្រល័យពូជសាសន៍» «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ» (អំពើ​មនុស្សឃាត ការ​ដាក់​ឃុំឃាំង ការ​ធ្វើទុក្ខ​បុកម្នេញ ការ​សម្លាប់​បំផុត​ពូជ និង​អំពើ​មនុស្សធម៌​ដទៃ​ទៀត) ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម (អំពើ​មនុស្សឃាត​ដោយ​ចេតនា ការ​បង្ក​ព្យសនកម្ម​ធ្ងន់ធ្ងរ ឬ​ការ​ធ្វើ​ឱ្យ​ឈឺចាប់​ខ្លាំង​ដោយ​ចេតនា​ដល់​រាង​កាយ និង​សុខភាព ការ​ដកហូត​ដោយ​ចេតនា​ពី​អ្នកទោស​សង្គ្រាម និង​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះក្ដី​ដោយ​យុត្ដិធម៌ ការ​និរទេស ឬ​ជម្លៀស ឬ​ការ​បង្ខាំង​ជន​ស៊ីវិល​ដោយ​ខុសច្បាប់) ។ ខៀវ សំផន ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថែម​ទៀត​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សាសនា ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ។ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចាប់ខ្លួន ខៀវ សំផន នៅ​ឆ្នាំ​២០០៧ ហើយ​ដាក់​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ចាប់​តាំងពី​ពេល​នោះ​មក ។

ខៀវ សំផន កំពុង​ត្រូវ​បាន​ការពារ​ដោយ​មេធាវី​កម្ពុជា​ម្នាក់​ឈ្មោះ ស សូវាន ដែល​ពី​មុន​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ច្បាប់​ឱ្យ​រដ្ឋសភា​ជាតិ​កម្ពុជា និង​ជា​អ្នកជំនាញ​នៅ​ក្នុង​ក្រសួង​យុត្ដិធម៌ ព្រម​ជាមួយនឹង​មេធាវី​បារាំង​ឈ្មោះ ហ្សាក វែហ្សែស ដែល​ធ្លាប់​ការពារ​ឱ្យ​កូនក្ដី​ជា​ច្រើន​ដែល​ទទួល​បទ​ចោទ​ពី​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង ខៀវ សំផន សូម​មើល​លើ​ចំណុច​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង www.eccc.gov.kh/khmer/case_khieusamphan.aspx

កំណត់​សម្គាល់ៈ នៅ​ក្នុង​សវនាការ​របស់​អង្គ​បុរេ​ជំនុំជម្រះ ខៀវ សំផន បាន​ប្រាប់​តុលាការ​ថា ខ្លួន​កើត​នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្ដ​ស្វាយរៀង ។ ផ្ទុយ​ទៅ​វិញ បើ​យោង​តាម​អ្នកស្រុក​រស់នៅ​ស្រុក​រំដួល គឺ​គ្មាន​ឃុំ​ណា​ដែល​ដាក់​ឈ្មោះ​ថា រំចេក ឡើយ ក៏​ប៉ុន្ដែ​មាន​ឃុំ​ចំនួន​២ ដែល​មាន​ឈ្មោះ ចេក និង​ ស្វាយចេក




ជីវិតជោគជ័យ​របស់លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ

លោក លី ចេងហ៊ុយ៖" ត្រូវ​កសាង​ខ្លួន​ឲ្យ​ល្អ ដើម្បី​ជា​គំរូ​ដល់​អ្នក​ដទៃ "

លោក លី ចេងហ៊ុយ ជា​វេជ្ជបណ្ឌិត និង​ជា​នាយកទស្សនាវដ្តី​ចំនួន​ពីរ គឺ « សុខភាព​យើង » និង « កំពូល​
តារា »។
លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ
លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ



បទសម្ភាសន៍របស់ គួច គន្ធារ៉ា ជាមួយលោក លី ចេងហ៊ុយ
(11:07)